អាមេរិកអបអរភាពជោគជ័យនៃការនាំផលិតផលពីទឹកដោះគោមកទីផ្សារកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកអបអរភាពជោគជ័យនៃការនាំផលិតផលពីទឹកដោះគោមកទីផ្សារកម្ពុជា

អាមេរិកអបអរភាពជោគជ័យនៃការនាំផលិតផលពីទឹកដោះគោមកទីផ្សារកម្ពុជា

កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំក្រុមប្រឹក្សានាំចេញផលិតផលពីទឹកដោះគោសហរដ្ឋអាម៉េរិក បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរជោគជ័យនៃការនាំផលិតផលទឹកដោះគោអាមេរិកមកកម្ពុជា និងសិក្សាពីឱកាសធុរកិច្ច និងវិនិយោគ។

លោកស្រី Krysta Harden ប្រធាន និងអគ្គនាយកប្រតិបត្តិនៃក្រុមប្រឹក្សានាំចេញផលិតផលពីទឹកដោះគោសហរដ្ឋអាម៉េរិក (USDEC) បានអញ្ជើញមកសិក្សាស្វែងយល់ពីទីផ្សារចំណីអាហារនៅក្នុងប្រទេសកម្ពុជា នៅសប្តាហ៍នេះ និងអបអរកំណើនយ៉ាងខ្លាំងនៃការនាំផលិតផលពីទឹកដោះគោអាមេរិកមកកម្ពុជា។

ក្នុងដំណើរបេសកកម្មនៅកម្ពុជា លោកស្រីបានជួបជាមួយឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីសក្តានុពលទីផ្សារ និងឱកាសវិនិយោគលើវិស័យម្ហូបអាហារ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ជាពិសេសក្នុងផ្នែកអាហារូបត្ថម្ភ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិកមកលើទីផ្សារកម្ពុជា ដែលនឹងផ្តល់ជម្រើសផលិតផលមានគុណភាពជាច្រើនថែមទៀតជូនដល់អ្នកប្រើប្រាស់កម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីលក្ខខណ្ឌ និងនីតិវិធីចាំបាច់សម្រាប់ការនាំចូលផលិតផលមកកាន់កម្ពុជា ព្រមទាំងបានរំលេចអំពីឱកាសទីផ្សារ កិច្ចសម្រួលពាណិជ្ជកម្ម និងជាពិសេសការលើកទឹកចិត្តផ្នែកវិនិយោគរបស់កម្ពុជាប្រកបដោយបរិយាបន្ន និងគ្មានការរើសអើង។

ជាកិច្ចឆ្លើយតប លោកស្រី Krysta Harden បានថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មាន និងការបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធានានូវបរិយាកាសធុរកិច្ចប្រកបដោយភាពបើកចំហ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពសម្រាប់គ្រប់ក្រុមហ៊ុន។ សម្រាប់លោកស្រី នេះគឺជាការលើកទឹកចិត្តដ៏មុតមាំសម្រាប់វិនិយោគិនអាមេរិក ក្នុងការពិចារណាមកបណ្តាក់ទុននៅកម្ពុជា។

ក្នុងន័យនេះ លោកស្រី បានគូសបញ្ជាក់ថា ក្រុមប្រឹក្សានាំចេញផលិតផលទឹកដោះគោសហរដ្ឋអាមេរិក នឹងបន្តសិក្សាពីសក្តានុពលទីផ្សារ និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ទៅកាន់ក្រុមហ៊ុនជាសមាជិកទាំង១៣៤ របស់ខ្លួន ដើម្បីជំរុញឱ្យក្រុមហ៊ុនអាមេរិកកាន់តែច្រើនស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈបេសកកម្មធុរកិច្ចមកកាន់កម្ពុជានាពេលខាងមុខ។

ដោយឡែក ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ថា លោកស្រីប្រធានក្រុមប្រឹក្សានាំចេញផលិតផលពីទឹកដោះគោសហរដ្ឋអាម៉េរិក ធ្វើដំណើរមកភ្នំពេញពេលនេះ ក៏ដើម្បីអបអរសាទរសមិទ្ធិផលជោគជ័យដ៏អស្ចារ្យ នៃផលិតផលទឹកដោះគោអាមេរិកក្នុងប្រទេសកម្ពុជា។

យោងតាមស្ថានទូត ការនាំចេញផលិតផលទឹកដោះគោពីអាមេរិកមកកម្ពុជា បានកើនឡើងរហូតដល់ ៦០០ ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ដែលផ្តល់ឱកាសឱ្យអតិថិជនកម្ពុជាបានរីករាយជាមួយទឹកដោះគោ និងឈីសរបស់អាមេរិកដែលមានគុណភាពខ្ពស់ និងសម្បូរទៅដោយជីវជាតិ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាអ្នកផលិតផលិតផលទឹកដោះគោធំជាងគេទីពីរនៅលើពិភពលោក កំពុងពង្រីកវត្តមានផលិតផលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ព្រមទាំងកសាងទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំរវាងក្រុមហ៊ុនអាមេរិក និងដៃគូពាណិជ្ជកម្មកម្ពុជា៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា