សៀមរាប ត្រៀមបើកផ្លូវទស្សនាថ្មីឆ្ពោះទៅ «ព្រះអង្គផ្ទី» កណ្តាលបារាយណ៍បេងមាលា ដើម្បីទាក់ទាញទេសចរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សៀមរាប ត្រៀមបើកផ្លូវទស្សនាថ្មីឆ្ពោះទៅ «ព្រះអង្គផ្ទី» កណ្តាលបារាយណ៍បេងមាលា ដើម្បីទាក់ទាញទេសចរ

សៀមរាប ត្រៀមបើកផ្លូវទស្សនាថ្មីឆ្ពោះទៅ «ព្រះអង្គផ្ទី» កណ្តាលបារាយណ៍បេងមាលា ដើម្បីទាក់ទាញទេសចរ

អាជ្ញាធរជាតិអប្សរា ប្រកាសរៀបចំបើកទេសភាពទស្សនា «ព្រះអង្គផ្ទី» នៅចំកណ្តាលបារាយណ៍បេងមាលា ខេត្តសៀមរាប ដើម្បីផ្តល់បទពិសោធន៍ទស្សនាថ្មីសន្លាង និងលើកស្ទួយបេតិកភណ្ឌជាតិ។

តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្របេងមាលា ក្នុងខេត្តសៀមរាប កំពុងរៀបចំផ្លូវទស្សនាថ្មីសន្លាងមួយទៀត បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានប្រកាសបើកទេសភាព និងកសាងផ្លូវដើរទស្សនាឆ្ពោះទៅកាន់ «ព្រះអង្គផ្ទី» ដែលជាសំណង់បុរាណលាក់ខ្លួនចំកណ្តាលបារាយណ៍បេងមាលា ដើម្បីលើកតម្លៃបេតិកភណ្ឌវប្បធម៌ និងបង្កើនភាពសម្បូរបែបនៃបទពិសោធន៍ទេសចរណ៍។

«ព្រះអង្គផ្ទី» ជាសំណង់បុរាណធ្លាប់រងការបាក់រលំស្ទើរទាំងស្រុង ដោយនៅសល់ត្រឹមដុំថ្មរាយប៉ាយប៉ុណ្ណោះ រហូតដល់ឆ្នាំ២០២១ ទើបក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានខិតខំស្រាវជ្រាវ និងជួសជុលរៀបចំឡើងវិញឱ្យលេចរូបរាងជាថ្មី។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីសម្រួលដល់ការចូលទស្សនា អាជ្ញាធរជាតិអប្សរាកំពុងរៀបចំផ្លូវទស្សនាថ្មីដែលមានប្រវែង ៧៥០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ដោយរៀបចំចេញពីកំពង់ទឹកខាងលិចបារាយណ៍បេងមាលា រហូតដល់ទីតាំងសំណង់បុរាណចំកណ្តាលទឹកតែម្តង។ គម្រោងនេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរចូលទៅទស្សនា និងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រសំណង់បុរាណនេះ។

ពាក់ព័ន្ធនឹងកាលបរិច្ឆេទបើកស្វាគមន៍ជាផ្លូវការ អាជ្ញាធរជាតិអប្សរាមិនទាន់បានបញ្ជាក់នៅឡើយទេ ប៉ុន្តែការងារកាត់ឆ្ការដើមឈើ និងរៀបចំទេសភាពត្រូវបានចាប់ផ្តើមអនុវត្តជាបណ្តើរៗហើយ ចាប់តាំងពីចុងខែសីហា ឆ្នាំ២០២៦ នេះតទៅ។

លោក សុខ វិសាល បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាប្រចាំប្រាសាទបេងមាលា បានឱ្យដឹងថា សំណង់ «ព្រះអង្គផ្ទី» ឬ «ប្រាសាទផ្ទី» ទំនងជាកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ លោកបានគូសបញ្ជាក់ថា នេះជាសំណង់ប្រាសាទទោលដ៏កម្រ និងគ្មានពីរ ដែលបុព្វបុរសខ្មែរបានកសាងនៅចំកណ្តាលវាលផ្ទី។ នៅពេលបារាយណ៍មានទឹកពេញ ទីនេះបង្កើតបានជាទស្សនីយភាពប្រៀបដូចជា ព្រះពុទ្ធគង់លើផ្ទៃទឹក ឬសត្វនាគកំពុងអណ្តែតខ្លួនលើផ្ទៃទឹកយ៉ាងស្ងប់ស្ងាត់។

អាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា ការបើកច្រកទស្សនា និងរៀបចំទេសភាពនៅ «ព្រះអង្គផ្ទី» នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកស្ទួយ វិស័យទេសចរណ៍ខេត្តសៀមរាប ឱ្យកាន់តែមានសក្ដានុពល និងទាក់ទាញខ្លាំងបន្ថែមទៀត៕ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា