អង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា រួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងវិស័យធុរកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា រួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងវិស័យធុរកិច្ច

អង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា រួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងវិស័យធុរកិច្ច

អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ដៃគ្នាជាប្រវត្តិសាស្ត្រ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បី កសាងវប្បធម៌ស្អាតស្អំក្នុងវិស័យធុរកិច្ច ពង្រឹងទំនុកចិត្តរបស់វិនិយោគិន ធានាការប្រកួតប្រជែងដោយស្មើភាព និងលើកកម្ពស់វិបុលភាពពាណិជ្ជកម្មរយៈពេលវែងនៅកម្ពុជា ក្នុងបរិការណ៍វិនិយោគពិភពលោកដែលកាន់តែចង្អៀត។

អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ» ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកការចុះ MOU នេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងវិស័យឯកជននៅកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ បានឈានដល់ការសហការជាផ្លូវការ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា បរិយាកាសធុរកិច្ចដែលមានតម្លាភាព និងភាពស្អាតស្អំ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់វិនិយោគិន និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឱម យ៉ិនទៀង មានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលដៅជំរុញបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែស្អាតស្អំ និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង ស្របពេលដែលបរិយាកាសសេដ្ឋកិច្ចពិភពលោក កាន់តែទាមទារឱ្យមានទំនុកចិត្ត ការគោរពច្បាប់ និងការការពារផលប្រយោជន៍របស់ធុរជនទាំងជាតិ និងអន្តរជាតិ ។

សម្រាប់ប្រធាន A.C.U ព្រឹត្តិការណ៍នេះមិនត្រឹមតែជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងជាសារដ៏ខ្លាំងក្លាមួយទៅកាន់វិនិយោគិនជាតិ និងអន្តរជាតិថា កម្ពុជាលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ តាមរយៈកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។

សូមបញ្ជាក់ថា MoU នេះកំណត់កាតព្វកិច្ចយ៉ាងច្បាស់លាស់សម្រាប់ភាគីទាំងពីរ។ ខាងសភាពាណិជ្ជកម្មកម្ពុជា ត្រូវធានាបំពេញតួនាទីជាស្ពានតភ្ជាប់ សម្របសម្រួល និងបញ្ជូនពាក្យបណ្តឹងពីសមាជិកមកកាន់ ACU ព្រមទាំងផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយដល់សមាជិករបស់ខ្លួនទូទាំងប្រទេស។

ចំណែកឯខាងអង្គភាពប្រឆាំងអំពើពុករលួយវិញ បានប្តេជ្ញាការពារ និងលើកកម្ពស់សុចរិតភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមរបស់ភាគីពាក់ព័ន្ធ ព្រមទាំងរក្សាការសម្ងាត់យ៉ាងម៉ឺងម៉ាត់ចំពោះប្រភពព័ត៌មាន និងភស្តុតាងទាំងឡាយណាដែលទទួលបានស្របច្បាប់។ ​ ACU ធានាថា រាល់ការផ្តល់ព័ត៌មានទាំងនោះនឹងត្រូវបានពិនិត្យ ចាត់វិធានការតាមសមត្ថកិច្ច ដោយប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងការគោរពនីតិវិធីច្បាប់ជាដាច់ខាត៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា