រាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតជំរុញការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវលើការសរសេរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតជំរុញការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវលើការសរសេរ

រាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតជំរុញការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវលើការសរសេរ

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងក្រុមប្រឹក្សាជាតិភាសាខ្មែរ និងវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀប​ចំ​វេទិកាស្តីពី «ការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ៖ នរណាជា​អ្នក​ទទួលខុសត្រូវ?» ​ក្នុងគោលបំណង​លើកកម្ពស់ការ​ប្រើប្រាស់ភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវនៅក្នុងគ្រប់​ទម្រង់សារព័ត៌មាន និងលើបណ្តាញសង្គម។

វេទិកាស្តីពី «ការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ៖ នរណាជា​អ្នក​ទទួលខុសត្រូវ?បានប្រព្រឹត្តទៅនៅរាជបណ្ឌិត្យ​សភាកម្ពុជា​នៅព្រឹកថ្ងៃ​ចន្ទទី៣១ ខែសីហា ដោយមានការចូលរួមពីអ្នកសារព័ត៌មាន​ជាច្រើន​នាក់​មកពីស្ថាប័នសារព័ត៌មាននានា។ វេទិកានេះ​បានប្រមូលផ្តុំ​អ្នកជំនាញ​ភាសាខ្មែរ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់​បណ្តាញសង្គម និងភាគីពាក់ព័ន្ធ ដើម្បី​ពិភាក្សា​​អំពីបញ្ហាប្រឈម​នានាពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យពេចន៍ អក្ខរាវិរុទ្ធ វេយ្យាករណ៍ និងពាក្យថ្មីៗ។

​ក្លិបអ្នកកាសែតកម្ពុជាបានបង្ហាញនូវការកត់សម្គាល់ថា ក្នុងបរិបទដែល​ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងមាន​តួនាទី​កាន់តែសំខាន់​ក្នុងការផ្តល់ព័ត៌មាន និងមានឥទ្ធិពលលើការប្រើប្រាស់ភាសារបស់​សាធារណជន។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា ការរៀបចំ​វេទិកានេះមានគោលបំណងបង្កើតវេទិកាសម្រាប់ផ្លាស់ប្តូរមតិ និងចែករំលែកចំណេះដឹងរវាងអ្នកជំនាញភាសាខ្មែរ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នក​ពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈមនៃការប្រើប្រាស់ភាសា​ខ្មែរនៅក្នុងសារព័ត៌មាន និងបណ្តាញសង្គមនាពេល​បច្ចុប្បន្ន។

លោកបន្តថា អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាមានតួនាទីសំខាន់​ក្នុងការផ្សព្វផ្សាយ និងបង្កើតឥទ្ធិពលលើការប្រើប្រាស់​ភាសាខ្មែររបស់​សាធារណជន ខណៈការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលបាន​ធ្វើឱ្យ​មាតិកាភាសាខ្មែរអាចឈានដល់អ្នកអាន និងអ្នកប្រើប្រាស់នៅទូទាំង​ពិភពលោក។

បណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជ​បណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយ​មានតួនាទី​យ៉ាងសំខាន់ក្នុងការរក្សា និងពង្រឹងឥទ្ធិពលភាសាខ្មែរ ព្រោះអ្នក​សារព័ត៌មាន​គឺជាអ្នកប្រើប្រាស់ភាសាដោយផ្ទាល់ និងជាអ្នកផ្សព្វផ្សាយ​ភាសាទៅកាន់មហាជន។

លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ថា អ្នកសារព័ត៌មានអាចចាត់​ទុកថាជា «ស្ថាប័នភាសា» មួយផងដែរ ដោយសារពាក្យពេចន៍ និងរបៀបសរសេរដែលត្រូវបានប្រើប្រាស់ក្នុងសារព័ត៌មាន អាច​មានឥទ្ធិពលលើការប្រើប្រាស់ភាសារបស់សាធារណជន។
លោក​បានសង្កត់ថា ប្រសិនបើអ្នកសារព័ត៌មានប្រើពាក្យខុស ឬសរសេរមិនត្រឹមត្រូវ នោះអ្នកអាន និងអ្នកប្រើប្រាស់ផ្សេងទៀត​ក៏អាចយកទៅប្រើតាម។ ដូច្នេះ ការប្រើប្រាស់ភាសាឱ្យបានត្រឹម​ត្រូវរបស់អ្នកសារព័ត៌មាន គឺជាកត្តាសំខាន់មួយក្នុងការរក្សា​គុណភាព និងស្តង់ដារភាសាខ្មែរ។

តាមរយៈវេទិកាពេញមួយព្រឹកនេះក្លិបអ្នកកាសែតកម្ពុជាសង្ឃឹមថា អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់បណ្តាញ​សង្គម នឹងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ព្រមទាំង​ចូលរួម​ថែរក្សា លើកតម្កើង និងអភិវឌ្ឍភាសាជាតិឱ្យសមស្របទៅនឹងការរីកចម្រើននៃសង្គម និងបច្ចេកវិទ្យាឌីជីថល ៕
ដោយ៖សែន ដាវីត

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា