កម្ពុជា រួមដៃជាមួយអាស៊ាន បន្តអំពាវនាវឱ្យហាមឃាត់ការសាកល្បង និងលុបបំបាត់អាវុធនុយក្លេអ៊ែរ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា រួមដៃជាមួយអាស៊ាន បន្តអំពាវនាវឱ្យហាមឃាត់ការសាកល្បង និងលុបបំបាត់អាវុធនុយក្លេអ៊ែរ​

កម្ពុជា រួមដៃជាមួយអាស៊ាន បន្តអំពាវនាវឱ្យហាមឃាត់ការសាកល្បង និងលុបបំបាត់អាវុធនុយក្លេអ៊ែរ​

កម្ពុជា រួមដៃជាមួយអាស៊ាន បន្តអំពាវនាវឱ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ និងជំរុញឱ្យមានការផ្តល់សច្ចាប័នដល់សន្ធិសញ្ញាស្តីពីការហាមឃាត់ជាទូទៅការសាកល្បងអាវុធនុយក្លេអ៊ែរ (CTBT)​។

កម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ាន បានរួមសំឡេងគ្នាសារជាថ្មីក្នុងការជំរុញឱ្យពិភពលោកទាំងមូលជៀសផុតពីអាវុធនុយក្លេអ៊ែរយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ អាស៊ានបានទទូចយ៉ាងខ្លាំងក្លាដល់បណ្តារដ្ឋភាគីដែលមិនទាន់បានផ្តល់សច្ចាប័នលើ «សន្ធិសញ្ញាស្តីពីការហាមឃាត់ជាទូទៅការសាកល្បងអាវុធនុយក្លេអ៊ែរ (CTBT)» ឱ្យបង្ហាញឆន្ទៈនយោបាយក្នុងការបញ្ចប់ដំណើរការផ្តល់សច្ចាប័ន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះអាចចូលជាធរមានពេញលេញដោយគ្មានការពន្យារពេល។ កម្ពុជាបានផ្តល់សច្ចាប័នលើសន្ធិសញ្ញា​នេះតាំងពីឆ្នាំ២០០០មកម៉្លេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ នាទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែរនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ដើម្បីសម្រេចបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការសាកល្បងអាវុធនេះ។

ឯកឧត្តមបានទទូចឱ្យប្រទេសទាំងអស់បង្ហាញឆន្ទៈនយោបាយធ្វើឱ្យសន្ធិសញ្ញា CTBT ចូលជាធរមាន ព្រមទាំងបានស្វាគមន៍រដ្ឋមានអាវុធនុយក្លេអ៊ែរ ដែលចង់ចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌ ហើយបានអំពាវនាវដល់រដ្ឋមានអាវុធនុយក្លេអ៊ែរផ្សេងទៀតឱ្យធ្វើដូចគ្នាផងដែរ។

លើសពីនេះ ឯកឧត្តមបានសម្តែងការឯកភាពពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់អាស៊ាន ដែលថ្លែងដោយប្រទេសហ្វីលីពីន ដោយបានរំលឹកពីការលើកឡើងរបស់លោក អង់តូនីញ៉ូ ហ្គុយទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីកេរដំណែលដ៏មហន្តរាយនៃការសាកល្បងអាវុធនុយក្លេអ៊ែរជាង ២,០០០ លើក ចាប់តាំងពីឆ្នាំ ១៩៤៥ មក ដែលនៅតែបន្តជះឥទ្ធិពលអាក្រក់រ៉ាំរ៉ៃដល់សុខភាពមនុស្សជាតិ បរិស្ថាន និងសន្តិសុខអន្តរជាតិ។

តំណាងអចិន្ត្រៃយ៍កម្ពុជាបានគូសបញ្ជាក់បន្ថែមថា ផលវិបាកដែលកំពុងបន្តកើតមាននេះ គឺជាសក្ខីកម្មយ៉ាងច្បាស់ថាការសាកល្បងអាវុធនុយក្លេអ៊ែរមិនត្រូវឱ្យមានការចាប់ផ្តើមឡើងវិញជាដាច់ខាត ព្រោះការសាកល្បងឡើងវិញណាមួយនឹងធ្វើឱ្យរង្គោះរង្គើដល់វឌ្ឍនភាពនៃការរំសាយអាវុធជាច្រើនទសវត្សរ៍ បង្កើនការមិនទុកចិត្តគ្នា និងបង្កើតហានិភ័យនៃអស្ថិរភាពយុទ្ធសាស្ត្របន្ថែមទៀត។

កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ជា «តំបន់គ្មានអាវុធនុយក្លេអ៊ែរ» ព្រមទាំងបន្តឈររឹងមាំជាមួយសហគមន៍អន្តរជាតិ ដើម្បីសម្រេចឱ្យបាននូវពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការសាកល្បងដ៏មហន្តរាយនេះតទៅទៀត៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា