ខេត្តកំពង់ធំរកឃើញអ្នកឆ្លងគ្រុនឈាមជិត ២ ០០០ករណី និងស្លាប់ ៥នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តកំពង់ធំរកឃើញអ្នកឆ្លងគ្រុនឈាមជិត ២ ០០០ករណី និងស្លាប់ ៥នាក់

ខេត្តកំពង់ធំរកឃើញអ្នកឆ្លងគ្រុនឈាមជិត ២ ០០០ករណី និងស្លាប់ ៥នាក់

ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងខេត្តកំពង់ធំ កំពុងស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ ដោយអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងជិត ២ ០០០ ករណី និងមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៥ នាក់។

មន្ទីរសុខាភិបាលខេត្តកំពង់ធំ បាន និងកំពុងបន្តយុទ្ធនាការចុះ ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ អំពី​វិធីសាស្ត្រ ទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមយ៉ាងសកម្ម បន្ទាប់ពីស្ថានភាព ជំងឺនេះមានការកើនឡើងគួរឱ្យ​ព្រួយបារម្ភ​ក្នុង​រយៈ​ពេលប្រមាណ ២០ថ្ងៃកន្លងមកនេះ។

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរ​សុខាភិបាលខេត្ត ដឹកនាំដោយ លោកវេជ្ជបណ្ឌិត កែ វដារី អនុ​ប្រធាន​មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់​ដល់​ប្រជាពលរដ្ឋនៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដោយ​មានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកភូមិ។

លោកវេជ្ជបណ្ឌិត កែ វដារី បានឱ្យដឹងថា ក្នុងអំឡុងពេលប្រមាណ ២០ថ្ងៃនៃការផ្ទុះរាលដាល មានអ្នកជំងឺមកសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ជាមធ្យមប្រមាណ ៥០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពបានធូរស្រាលបន្តិចវិញ ដោយចំនួនអ្នកជំងឺមក​ព្យាបាល​បានថយចុះមកត្រឹមប្រមាណ ៣០នាក់ក្នុងមួយថ្ងៃ។

លោកវេជ្ជបណ្ឌិតបន្ថែមថា គិតមកទល់ពេលនេះ ខេត្តកំពង់ធំបាន​កត់ត្រាករណីជំងឺគ្រុនឈាមសរុបចំនួន ១,៨៥០ករណី និងមានអ្នក​បាត់បង់ជីវិតគួរឱ្យសោកស្តាយចំនួន ៥នាក់។ ដើម្បីកាត់ផ្តាច់ការ​រីករាល​ដាលនេះ មន្ត្រីជំនាញ និងក្រុមការងារ​កម្មវិធីគ្រុនឈាម នៅតែបន្តបេសកកម្មចុះតាមសហគមន៍។

នៅក្នុងសកម្មភាពចុះអប់រំនៅភូមិស្រយ៉ូវត្បូង ក្រុមការងារបាន​ណែនាំ​ប្រជាពលរដ្ឋពីវិធានការសម្អាតបរិស្ថានជុំវិញផ្ទះ ដាក់ថ្នាំ​អាបែតក្នុង​ពាង ឬធុងស្តុកទឹក ព្រមទាំងបានចុះបាញ់ថ្នាំផ្សែងកម្ចាត់មូសខ្លា។ មន្ត្រីសុខាភិបាលបានគូសបញ្ជាក់ថា ការបាញ់ថ្នាំ​ផ្សែងតែមួយមុខ​មិនអាចទប់ស្កាត់ជំងឺគ្រុនឈាមបានទាំងស្រុងនោះទេ ប៉ុន្តែការចូលរួម​របស់ប្រជាពលរដ្ឋក្នុងការលុប​បំបាត់​ប្រភពទឹកដក់ និងកម្ចាត់ដង្កូវទឹក ទើបជាវិធានការគន្លឹះដ៏មានប្រសិទ្ធភាព។

ក្នុងកាលៈទេសៈនេះដែរ លោកវេជ្ជបណ្ឌិត កែ វដារី បានអំពាវនាវ​ដល់អាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តវិធានការអនាម័យ។ ជាពិសេស ប្រសិនបើសមាជិកគ្រួសារមានអាការៈសង្ស័យ ត្រូវ​ប្រញាប់បញ្ជូនទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា ដោយមិន​ត្រូវផ្សំថ្នាំព្យាបាលដោយខ្លួនឯងឡើយ។ លោកបានសង្កត់ធ្ងន់ថា ការងារបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ជាកាតព្វកិច្ចរួមគ្នារវាង​អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារ​សុខុមាលភាពក្នុងសហគមន៍ទាំងមូល៕

អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា