កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង និងការស្វែងរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ។

​ក្រសួងពាណិជ្ជ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (ហៅកាត់ថា CCIFC) បានចុះហត្ថលេខាកាលពីថ្ងៃទី៣កញ្ញា លើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

MOU នេះកំណត់ពីតួនាទី និងទំនួលខុសត្រូវរបស់ភាគីទាំងពីរ ក្នុងការរៀបចំវេទិកាធុរកិច្ច ដោយរាប់បញ្ចូលទាំងការសម្របសម្រួល ការចូលរួមរបស់ធុរជន និងការរៀបចំកម្មវិធី។

យោងតាមក្រសួងពាណិជ្ជកម្ម វេទិកាធុរកិច្ចកម្ពុជា-បារាំង ដើរតួជាវេទិកាដ៏សំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំង លើកកម្ពស់ដៃគូយុទ្ធសាស្ត្រ និងផ្តល់នូវការព្យាករណ៍លក្ខណៈពិសេសសម្រាប់ក្រុមហ៊ុន សហគ្រាស និងវិនិយោគិន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជា និងក្នុងវិសាលភាពទីផ្សារកាន់តែទូលំទូលាយ។

ថ្ងៃទីមួយ គឺជាពិធីបើកវេទិកាធុរកិច្ចលើក ទី៣ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិនកម្ពុជា-បារាំង ក៏ដូចជាតំណាងស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៤០០ នាក់។

ចំណែកថ្ងៃទីពីរនៃវេទិកានេះ នឹងផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច (B2B), កិច្ចពិភាក្សាតាមវិស័យ, កាលានុវត្តភាពវិនិយោគ, និងការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង ក្នុងការស្វែងយល់ពីភាពជាដៃគូ, ការផ្លាស់ប្តូរជំនាញ, និងការស្វែងរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ។

វេទិកាធុរកិច្ចឆ្នាំ២០២៦នេះ នឹងផ្តោតសំខាន់លើកាលានុវត្តភាពធុរកិច្ចជាក់ស្តែង និងការផ្លាស់ប្តូរយោបល់កម្រិតខ្ពស់។ ​ទន្ទឹមនឹងនេះ កិច្ចពិភាក្សាតុមូលតាមវិស័យនីមួយៗ នឹងប្រមូលផ្តុំថ្នាក់ដឹកនាំធុរកិច្ច អ្នកជំនាញ និងតំណាងរដ្ឋាភិបាលកម្ពុជា និងបារាំង ដើម្បីស្វែងរកវិស័យយុទ្ធសាស្ត្រ និងកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្ត រួមគ្នាក្នុងការសម្របសម្រួលការធ្វើពាណិជ្ជកម្ម លើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងពង្រីកកាលានុវត្តភាពសម្រាប់បណ្តាក្រុមហ៊ុនដែលមានវត្តមានក្នុងទីផ្សារនៃប្រទេសទាំងពីរ និងលើសពីនោះផងដែរ៕



ដោយ៖ វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា