ក្រុម AOT នៅថៃ ហាក់មើលធ្លុះល្បិចកលឈ្លានពានទឹកដីខ្មែរ ​ក្រោមលេសបង្រា្កបស្កែមអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុម AOT នៅថៃ ហាក់មើលធ្លុះល្បិចកលឈ្លានពានទឹកដីខ្មែរ ​ក្រោមលេសបង្រា្កបស្កែមអនឡាញ

ក្រុម AOT នៅថៃ ហាក់មើលធ្លុះល្បិចកលឈ្លានពានទឹកដីខ្មែរ ​ក្រោមលេសបង្រា្កបស្កែមអនឡាញ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅខាងភាគីថៃ មិនបានចាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចអគារកាស៊ីណូលើទឹកដីកម្ពុជា ដែលយោធាថៃបានរៀបចំឡើងជាថ្មីម្តងទៀតកាលពីថ្ងៃទី ៧ កញ្ញា ២០២៦នោះឡើយ។ ជាក់ស្តែង មានតែ៣ប្រទេសប៉ុណ្ណោះ​ ដែលបានចូលរួមក្នុងបេសកកម្មត្រួតពិនិត្យតំបន់ ដែលថៃអះអាងថាជាអតីតទីតាំងធ្វើសកម្មភាពរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ។ ​កម្ពុជាក៏ត្រៀមចេញលិខិតតវ៉ាសកម្មភាពគឃ្លើននេះផងដែរ។
 
ក្នុងចំណោមសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ទាំង៩ប្រទេស មានតែអ្នកសង្កេតការណ៍​មកពី៣ប្រទេសប៉ុណ្ណោះ គឺហ្វីលីន ប្រធាន AOT បច្ចុប្បន្ន, ម៉ាឡេស៊ី ប្រធាន AOT ចាស់, និងឥណ្ឌូនេស៊ី ដែលបាន​សម្រេចចូលរួមក្នុងដំណើរការសង្កេតកាណ៍តំបន់កាស៊ីណូ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ​​ដែលយោធាថៃរៀបចំកាលពីថ្ងៃទី ៧ កញ្ញា។
 
មន្រ្តីរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញភូមិសាស្រ្តនយោបាយ មើលឃើញថា ការមិនចាប់អារម្មណ៍ពីសំណាក់បណ្តាប្រទេសសមាជិកអាស៊ាន បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការបាត់ទំនុកចិត្តលើភាគីថៃ ដែលបានសម្តែងរូបភាពចុះសង្កេតការណ៍ ដើម្បីបិទបាំងទង្វើឈ្លានពាន និងការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា។ ​
 
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលទទួលបេសកកម្មតាមដានការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការចូលរួមពីប្រទេសជាសមាជិកអាស៊ានចំនួន ៩ រួមមាន ម៉ាឡេស៊ី ដែលជាអ្នកដឹកនាំបេសកកម្មដំបូង ហ្វីលីពីន ជាអ្នកដឹកនាំបច្ចុប្បន្ន ព្រមទាំងមានឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ប្រ៊ុយណេ និងឡាវ ជាសមាជិក។
 
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចេញលិខិតតវ៉ាផ្លូវការប្រឆាំងនឹងភាគីថៃ ដែលបានដឹកនាំបេសកកម្មចូលក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាត និងបានប្រើប្រាស់ល្បិចប្រឌិតព័ត៌មានដើម្បីទម្លាក់កំហុសមកលើកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាប់បណ្តាញសារព័ត៌មាន AMS។
 
ឯកឧត្តម ចាន់ រតនា បានគូសបញ្ជាក់ថា ការសម្រេចចិត្តមិនចូលរួមសង្កេតការណ៍ និងយកព័ត៌មានពីសំណាក់សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានដទៃទៀត ព្រមទាំងអ្នកសារព័ត៌មានអន្តរជាតិធំៗ គឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវបំផុត។ ការដកឃ្លារបស់ពួកគេ គឺដោយសារតែពួកគេបានយល់ដឹងយ៉ាងច្បាស់អំពីសភាពការណ៍ពិត និងបានមើលឃើញថា ការនាំមនុស្សចូលក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាតពីអាជ្ញាធរកម្ពុជា គឺជាអំពើខុសច្បាប់ និងជាការរំលោភបំពានអធិបតេយ្យភាពកម្ពុជា។
 
អ្នកនាំពាក្យស្តីទីរូបនេះបានបន្តថា ភាគីថៃបានព្យាយាមបង្កើតព្រឹត្តិការណ៍ និងសាច់រឿងដដែលៗ តាមរយៈការផលិតវីដេអូដែលរំលេចរូបភាពសម្ភារៈពេទ្យ ក្នុងចេតនាបំភាន់សាធារណមតិថា ជាឧបករណ៍សម្រាប់វះកាត់លក់សរីរាង្គមនុស្ស។ ទង្វើនេះគឺជាការប្រឌិតរឿងដ៏ពិសពុល ដើម្បីទាញយកការថ្កោលទោសពីសហគមន៍អន្តរជាតិមកលើកម្ពុជា ដែលទាមទារឱ្យមានប្រតិកម្មតវ៉ាជាផ្លូវការ និងម៉ឺងម៉ាត់បំផុតពីរាជរដ្ឋាភិបាលកម្ពុជា។
 
ចំណែកលោកបណ្ឌិត ថុង ម៉េងដេវីត អ្នកវិភាគភូមិសាស្ត្រនយោបាយ សន្តិសុខអន្តរជាតិ យល់ឃើញថា ចេតនារបស់ថៃក្នុងការដឹកនាំអ្នកសង្កេតការណ៍ទៅទីតាំងដដែលៗ គឺជាយុទ្ធសាស្ត្របំភាន់អន្តរជាតិ។ ទង្វើទាំងនេះ គឺមានបំណងបង្វែរអារម្មណ៍សហគមន៍អន្តរជាតិពីទង្វើឈ្លានពានអធិបតេយ្យភាពកម្ពុជា មកបង្កើតជារូបភាពថា ថៃកំពុងបំពេញកាតព្វកិច្ចរក្សាសន្តិសុខតំបន់ទៅវិញ។
 
លោកសង្កត់ធ្ងន់ថា ការដែលសមាជិក AOT ថយចុះមកត្រឹម ៣ ប្រទេស បង្ហាញឲ្យឃើញថា ប្រទេសសមាជិកផ្សេងទៀតចាប់ផ្តើមយល់ច្បាស់ ឬមានការប្រុងប្រយ័ត្នខ្ពស់មិនចង់ឱ្យថៃប្រើប្រាស់ឈ្មោះ AOT ធ្វើជាល្ខោននយោបាយរបស់ថៃ។ ដោយឡែក ចំពោះអវត្តមាននៃការផ្សាយព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ លោកយល់ថា គឺដោយសារប្រព័ន្ធផ្សព្វផ្សាយទាំងនោះមើលឃើញថា សកម្មភាពនេះគ្រាន់តែជាបង្កើតរូបភាពនយោបាយតែម្ខាង ដែលគ្មានការបកស្រាយផ្លូវច្បាប់ គ្មានពត៌មាន និងភស្តុតាងច្បាស់លាស់៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា