កម្ពុជាមានទេសចរណ៍ធម្មជាតិល្អផ្តាច់គេនៅអាស៊ីអាគ្នេយ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាមានទេសចរណ៍ធម្មជាតិល្អផ្តាច់គេនៅអាស៊ីអាគ្នេយ៍

កម្ពុជាមានទេសចរណ៍ធម្មជាតិល្អផ្តាច់គេនៅអាស៊ីអាគ្នេយ៍

យោងតាមការវាយតម្លៃថ្មីរបស់ស្ថាប័នអន្តរជាតិល្បីមួយ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត។

ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ ឬ Eco-Tourism ល្អបំផុត។ នេះបើតាមយោងតាមរបាយការណ៍វាយតម្លៃចុងក្រោយរបស់ស្ថាប័នវាយតម្លៃអន្តរជាតិ U.S News & World Report។

ចំណាត់ថ្នាក់នេះ គឺជាមោទនភាពមួយសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ ក្រសួងបរិស្ថានបានបញ្ជាក់ថា សមិទ្ធផលនិងជោគជ័តថ្មីនេះ គឺកើតពីផ្លែផ្កានៃសន្តិភាព និងការខិខំប្រឹងប្រែងអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដ៏ត្រឹមត្រូវ ច្បាស់លាស់ ឆ្ពោះទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០។

សមិទ្ធិផលនេះក៏មិនអាចផ្តាច់ចេញពីស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ ដែលបានបង្កលក្ខណៈដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកម្ពស់ការអភិរក្សជីវៈចម្រុះ និងជីវភាពសហគមន៍មូលដ្ឋាននានា។

លើសពីនេះ តំបន់លម្ហែបៃតងនៅតាមតំបន់ការពារធម្មជាតិ កំពុងបង្ហាញសក្តានុពល និងការទាក់ទាញទេសចរណ៍ធម្មជាតិ ដែលជំរុញឱ្យកម្ពុជាបង្កើតបានសក្តានុពលយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរគ្រប់ទិសទី ទាំងជាតិនិងអន្តរជាតិដែលស្រឡាញ់ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការណែនាំ និងការចង្អុលបង្ហាញជាយុទ្ធសាស្ត្រយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការអភិវឌ្ឍ សហគមន៍តំបន់ការពារធម្មជាតិ ឱ្យក្លាយទៅជាម្ចាស់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ផ្សារភ្ជាប់នឹងការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រសួងបរិស្ថានកំពុងជំរុញយ៉ាងសកម្មលើការអភិវឌ្ឍ «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិ។

ការបង្កើតគោលដៅលំហែបៃតងនេះ ធ្វើឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើមុំយុទ្ធសាស្ត្រទាំងបីគឺ «ស្អាត ភាពបៃតង និងចីរភាព» ក្នុងគោលបំណងកែប្រែជីវភាពប្រជាសហគមន៍ឱ្យមាន «ការងារបៃតង» និងចំណូលប្រកបដោយចីរភាព ជំនួសឱ្យការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំគោលដៅលំហែបៃតងរួចជាស្រេចនៅ ២ ទីតាំង គឺនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» (ខេត្តកំពង់ស្ពឺ) និងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» (ខេត្តសៀមរាប)។ ក្រសួងក៏មានផែនការប្រែក្លាយតំបន់ទាំងនេះទៅជា «របៀងលំហែបៃតង» ដោយផ្សារភ្ជាប់គ្នាជាមួយតំបន់សក្តានុពលផ្សេងទៀត ដូចជា ភ្នំខ្នងផ្សារ និងតំបន់ ទេទឹកពុះ (ខេត្តកំពង់ស្ពឺ)។

ក្រៅពីនេះ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ដើម្បីចាប់ផ្តើមរៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត (ខេត្តកោះកុង) ឱ្យទៅជា «គោលដៅលំហែបៃតង» គំរូថែមទៀត៕



ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា