អង្គការ UNESCO និង ICOMOS ចុះវាយតម្លៃការខូចខាត និងដាក់ចេញផែនការសង្គ្រោះប្រាសាទព្រះវិហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ UNESCO និង ICOMOS ចុះវាយតម្លៃការខូចខាត និងដាក់ចេញផែនការសង្គ្រោះប្រាសាទព្រះវិហារ

អង្គការ UNESCO និង ICOMOS ចុះវាយតម្លៃការខូចខាត និងដាក់ចេញផែនការសង្គ្រោះប្រាសាទព្រះវិហារ

ក្រុមបេសកកម្មអន្តរជាតិមកពីអង្គការ UNESCO និង ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន(ICOMOS) ដឹកនាំដោយលោកស្រី Mechtild Rössler និងលោកសាស្ត្រាចារ្យ Pierre Smars បានចុះបំពេញបេសកកម្មផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារដែលបានរងការបំផ្លិចបំផ្លាញដោយភាគីថៃក្នុងជម្លោះព្រំដែននៅឆ្នាំ២០២៥។ 
 
បេសកកម្មវាយតម្លៃផលប៉ះពាល់លើសម្បត្តិបេតិកភណ្ឌពិភពលោក​​នៃប្រាសាទព្រះវិហារ ធ្វើឡើងពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ដើម្បីកំណត់វិធានការការពារបន្ទាន់ និងការអភិរក្ស​តំបន់ប្រាសាទព្រះវិហារ ជាពិសេសតម្រូវការជំនួយអន្តរជាតិសម្រាប់គាំទ្រដល់ការស្តារប្រាសាទព្រះវិហារឡើងវិញ។
 
របាយការណ៍បានបង្ហាញថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បាន​បណ្តាលឱ្យខូចខាត​តំបន់ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ សរុបចំនួន ​៥៦២កន្លែង បណ្តាលមកពីការបាញ់ប្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់របស់យោធាថៃពីលើអាកាសដោយយន្តហោះ F-16។
 
ក្នុងរបាយការណ៍បានលើកឡើងថា ទោះបីជាស្ថានភាពជម្លោះបានស្ងប់ស្ងាត់ ប៉ុន្តែស្ថានភាពនៅតែមានភាពផុយស្រួយ ដែលទាមទារឱ្យមានការចរចាពហុភាគី​ដើម្បីធានាថា​នឹងមិនមានសកម្មភាពនៃអរិយភាពបន្ថែមទៀត ហើយការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះទាមទារឱ្យមានការដោះស្រាយជាបន្ទាន់​។​
 
ជាមួយគ្នានេះ អង្គការ UNESCO និង ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានវាយតម្លៃថា ប្រាសាទព្រះវិហារ គឺស្ថិតក្រោមកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការប្រតិបត្តិការគាំទ្រដល់ការអភិរក្សដ៏សំខាន់ជាបន្ទាន់។
 
ប្រាសាទព្រះវិហារ ដែលដូនតាខ្មែរបានសាងសង់ឡើងនៅលើកំពូលភ្នំដងរែក​ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយយូណេស្កូ នៅថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០០៨៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា