អាជ្ញាធរប្រមូលបំណែកថ្មបាក់បែករបស់​ប្រាសាទព្រះវិហារបានចំនួន​​​៧ម៉ឺនដុំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរប្រមូលបំណែកថ្មបាក់បែករបស់​ប្រាសាទព្រះវិហារបានចំនួន​​​៧ម៉ឺនដុំ

អាជ្ញាធរប្រមូលបំណែកថ្មបាក់បែករបស់​ប្រាសាទព្រះវិហារបានចំនួន​​​៧ម៉ឺនដុំ

ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា អាជ្ញាធរជំនាញ​​បានប្រមូបំណែកថ្មប្រាសាទព្រះវិហារដែលបាក់បែក បានចំនួន៧ម៉ឺនបំណែក ដើម្បីរក្សាទុកការពារ និងត្រៀមរៀបចំផ្គុំឡើងវិញទៅតាមទម្រង់ដើមនៃប្រាសាទ ដែលខូចខាតដោយសារគ្រាប់ផ្លោងក្នុងជម្លោះព្រំដែនកម្ពុជា- ថៃ។  
 
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីស្ថានភាពគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ពុទ្ធិការ បានបញ្ជាក់ថា នៅពេលមានឱកាសសមស្រប អាជ្ញាធរជំនាញនឹងយកបំណែកថ្មទាំងនោះមកផ្គុំ និងជួសជុលប្រាសាទឡើងវិញ។​
 
ក្រៅពីនេះ មន្ត្រីជំនាញស៊ីម៉ាក់ បាន និងកំពុងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើផ្ទៃដីចំនួន៧០ហិកតា នៅ​តំបន់ប្រាសាទព្រះវិហារ និងបរិវេណជុំវិញប្រាសាទ។
  
ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បាន​បណ្តាលឱ្យខូចខាត​តំបន់ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ សរុបចំនួន​៥៦២កន្លែង ដែលខូចខាតទៅលើហេដ្ឋារចនាសម្ព័ន្ធសំណង់ប្រាសាទ ស្ថាបត្យកម្ម សិលាចារឹក ក្បាច់ចម្លាក់ និងជញ្ជាំងប្រាសាទ។ ជាមួយគ្នានេះ ទីទាំងសហគមន៍​ចំនួនជាង២០០ទីតាំងផ្សេងទៀត ក៏រងផលប៉ះពាល់ផងដែរ។ 
 
ឯកឧត្តម គង់ ពុទ្ធិការ បាន​លើកឡើងថា ជម្លោះនេះមិនមែនគ្រាន់តែបង្កជាការខូចខាតដ៏ធ្ងន់ធ្ងរសម្រាប់បេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ តែថែមទាំងបង្កវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរផងដែរ។ ក្នុងនោះពលរដ្ឋជនភៀសសឹក​មួយចំនួនមិនអាចវិលត្រឡប់ទៅលំនៅឋានវិញឡើយរហូតមកដល់ពេលនេះ។​
 
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងទៀតថា អង្គការយូណេស្កូ និងអង្គការដៃគូ បានកៀរគរថវិកាចំនួន២០ម៉ឺនដុល្លារ សម្រាប់ការស្តារប្រាសាទព្រះវិហារឡើងវិញ។ ថវិកាទាំងនេះនឹងត្រូវប្រើសម្រាប់​គាំទ្រលើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការងារប្រមូលបំណែកថ្មដែលបែកបាក់ ការងារទល់ទ្រប្រាសាទ និងការងារផ្សេងៗទៀត។ 
 
បើតាមឯកឧត្តម គង់ ពុទ្ធិការ ការងារស្តារប្រាសាទព្រះវិហារឱ្យមានភាពរឹងមាំឡើងវិញ គឺត្រូវការពេលវេលាយូរឆ្នាំ និងត្រូវការថវិកាច្រើន៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា