បេក្ខជនប្រឡងមេធាវី៣នាក់ប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខជនប្រឡងមេធាវី៣នាក់ប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ

បេក្ខជនប្រឡងមេធាវី៣នាក់ប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ

អង្គភាពប្រឆាំងអំពើពុករលួយ ( ACU) បានរកឃើញថា អ្នកដាក់ពាក្យប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ចំនួន៣នាក់ បានប្រើប្រាស់ឯកសារក្លែងក្លាយ។ ពួកគេស្ថិតនៅក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យចូលប្រឡងសរុបចំនួន​ ៥៧៤នាក់។ 
 
ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU ​បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា បេក្ខជនទាំង៣នាក់នោះបានក្លែងបន្លំ​សញ្ញាបត្រច្បាប់។​​ ឯកឧត្តមបានឲ្យដឹងទៀតថា បេក្ខជន​ទាំង៣នាក់នោះ នឹងត្រូវកោះហៅមកបំភ្លឺនៅអង្គភាព ដើម្បីបន្តការស្រាវជ្រាវ ផ្ទៀងផ្ទាត់ភស្តុតាង និងអនុវត្តនីតិវិធីពាក់ព័ន្ធ។ ក្នុងករណីរកឃើញមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ អង្គភាព ACU នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់។​
 
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ដោយកំណត់កាលបរិច្ឆេទចាប់ផ្តើមលក់ពាក្យពី ថ្ងៃទី៣ ខែសីហា និងបិទបញ្ចប់ការទទួលពាក្យនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ ប៉ុន្តែដើម្បីសម្រួលដល់បេក្ខជន ដែលខកខានមិនទាន់មកដាក់ពាក្យតាមកាលបរិច្ឆេទដំបូង គណៈមេធាវីក៏បានសម្រេចពន្យារពេលការលក់ និងទទួលពាក្យ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
 
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃចន្ទនេះ អង្គភាពប្រឆាំងអំពើពុករលួយ​បានបញ្ជាក់ថា ក្រុមការងារ ACU នឹងចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសនេះ ពីដំណាក់កាលដាក់ពាក្យសុំប្រឡង រហូតប្រកាសលទ្ធផលស្ថាពរ។
 
​អង្គភាព ACU អំពាវនាវឱ្យបេក្ខជនទាំងអស់គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់តែឯកសារពិតប្រាកដ និងព័ត៌មានត្រឹមត្រូវក្នុងការដាក់ពាក្យ។ រាល់អំពើក្លែងបន្លំឯកសារ ឬការប្រើប្រាស់ឯកសារក្លែង នឹងត្រូវចាត់ វិធានការតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ។
 
យោងតាមក្រមព្រហ្មទណ្ឌ ការក្លែងបន្លំឯកសារសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ចំណែកការប្រើប្រាស់ឯកសារសាធារណៈក្លែង ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ​ ១០លានរៀល៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា