សមត្ថកិច្ចក្រសួងមហាផ្ទៃតាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែងក្នុងខែសីហា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមត្ថកិច្ចក្រសួងមហាផ្ទៃតាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែងក្នុងខែសីហា

សមត្ថកិច្ចក្រសួងមហាផ្ទៃតាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែងក្នុងខែសីហា

សមត្ថកិច្ចក្រសួងមហាផ្ទៃបានតាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗចំនួន ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ក្នុងខែសីហាកន្លងទៅ។

នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ទ្រង់ទ្រាយតូចៗ នៅសេសសល់ចំនួន៨៥កន្លែង។ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១ ២៥៥នាក់ មាន ១៣សញ្ជាតិ ក្នុងនោះភាគច្រើនជាជនជាតិចិន គឺមានរហូតដល់ ៧៣២នាក់, បន្ទាប់មក វៀតណាម ៣២៣នាក់, ខ្មែរ៩៤នាក់, ថៃ ៥៣នាក់, ឥណ្ឌូនេស៊ី ២៤នាក់ មីយ៉ាន់ម៉ា៩នាក់ ព្រមទាំងជនជាតិផ្សេងៗទៀត។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងរយៈពេលដូចគ្នានោះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តនីតិវិធីបណ្ដេញចេញជនបរទេសល្មើសច្បាប់សរុប ២ ០០៥នាក់ មាន៣២សញ្ជាតិ ក្នុងនោះ ពាក់ព័ន្ធនឹង Online Scams មាន៥៧៤នាក់។ ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញចេញ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន ដោយបណ្ដេញចេញតាមជើងយន្តហោះពិសេសចំនួន ៣លើក សរុប៤៧៣នាក់។

នៅក្នុងខែសីហាដដែលនោះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាគោលដៅ ៣ ៦៥៧ទីតាំង មានមនុស្សសរុបជិត ១ម៉ឺន ៨ពាន់នាក់ ព្រមទាំងចុះត្រួតពិនិត្យរដ្ឋបាលនៅលើដងផ្លូវ ដោយសមត្ថកិច្ចបានពិនិត្យឃាត់យានយន្តសង្ស័យសរុបចំនួន ២៦៩លើក។ ការចុះអនុវត្តនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយរបស់ពួកឧក្រិដ្ឋជន ក្នុងគ្រាដែលកម្លាំងមានសមត្ថកិច្ច បាននិងកំពុងប្រើកណ្ដាប់ដៃដែកវាយកម្ទេច និងបោសសម្អាតបទល្មើសនេះដោយមិនដកដៃ។

គូសបញ្ជាក់ដែរថា ក្នុងខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចក៏បានរកឃើញ និងផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលល្មើសនឹងអនុក្រឹត្យលេខ០៣ពាក់ព័ន្ធការស្នាក់នៅរបស់ជនបរទេស សរុបជាទឹកប្រាក់បានជាង ៨២២លានរៀល។

អនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ត្រូវបានរាជរដ្ឋាភិបាលប្រកាសអនុវត្តកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានគោលដៅធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ មាត្រា១៩ នៃអនុក្រឹត្យ បានកំណត់ថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦នៃអនុក្រឹត្យ ត្រូវផាកពិន័យជាប្រាក់ចំនួន៤០ម៉ឺនរៀល ដោយមិនទាន់គិតដល់ព្យសនកម្ម ដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។

ដោយឡែក តាមមាត្រា ២០ នៃអនុក្រឹត្យដដែល បានចែងថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន ៤លានរៀល សម្រាប់ជនបរទេសម្នាក់ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមាន៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា