អ្នកចុះឈ្មោះជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ មានចំនួនច្រើនលើសការរំពឹងទុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកចុះឈ្មោះជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ មានចំនួនច្រើនលើសការរំពឹងទុក

អ្នកចុះឈ្មោះជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ មានចំនួនច្រើនលើសការរំពឹងទុក

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា អ្នកចង់ចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ មានចំនួនច្រើនលើសការរំពឹងទុក ដោយមានភ្ញៀវជាតិ និងអន្តរជាតិជាង ១ពាន់នាក់បានចុះឈ្មោះ ដែលតម្រូវឲ្យការចុះឈ្មោះត្រូវបានបិទមុនកាលកំណត់។

ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នារដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍លើសការរំពឹងទុក ដោយមានភ្ញៀវជាតិ និងអន្តរជាតិជាង ១ពាន់នាក់ចូលរួម ហើយការចុះឈ្មោះត្រូវបានបិទមុនកាលកំណត់។

នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំមួយនៅខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យ និងពិភាក្សាអំពីដំណើរការរៀបចំព្រឹត្តិការណ៍កីឡាជិះកង់បែបផ្សងព្រេង ដោយអ្នកចូលរួមនឹងជិះកង់កាត់តាមព្រៃប្រឹក្សានៃតំបន់អង្គរ ឆ្លងកាត់កំពែងក្រុងបុរាណ ទស្សនាប្រាសាទលាក់ខ្លួន និងស្វែងយល់ពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលក្នុងរដូវកាលបៃតង។

តាមកម្មវិធី អ្នកជិះកង់នឹងចេញដំណើរពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់ប្រាសាទអង្គរធំ បន្ទាប់មកឆ្លងកាត់ខ្លោងទ្វារទន្លេអុំ រួចបត់ស្តាំឡើងទៅអតីតៈរាជធានីអង្គរធំ និងបន្តជិះជុំវិញកំពែង មុននឹងត្រឡប់មកបញ្ចប់នៅមុខប្រាសាទអង្គរវត្ត។

ជាមួយគ្នានេះ ក្រៅពីព្រឹត្តិការណ៍ជិះកង់ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប ក៏នឹងរៀបចំកម្មវិធីអមជាច្រើនទៀត ដើម្បីបង្កើនភាពអធិកអធម និងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ មុនឈានដល់ព្រឹត្តិការណ៍សមរាត្រី ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ដែលអាចកើតឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម វ៉ាហេង ដាវុធ បានថ្លែងថា ព្រឹត្តិការណ៍ជិះកង់នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃតំបន់អង្គរ និងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនា និងកម្សាន្តនៅខេត្តសៀមរាប នារដូវកាលបៃតង ពិសេសចូលរួមទស្សនា និងផ្តិតយកទិដ្ឋភាពសមរាត្រី ដែលជាបាតុភូតដ៏អស្ចារ្យមួយ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះនឹងរួមចំណែកលើកស្ទួយវិស័យកីឡា ដែលផ្តល់ប្រយោជន៍ដល់សុខភាពប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ អំពាវនាវដល់អាជ្ញាធរ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នា ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ព្រមទាំងធានាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕

ដោយ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា