កម្ពុជា និងក្រុមហ៊ុនជប៉ុន MinebeaMitsumi គ្រោងពង្រីកការវិនិយោគរោងចក្របច្ចេកវិទ្យាទំនើប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងក្រុមហ៊ុនជប៉ុន MinebeaMitsumi គ្រោងពង្រីកការវិនិយោគរោងចក្របច្ចេកវិទ្យាទំនើប

កម្ពុជា និងក្រុមហ៊ុនជប៉ុន MinebeaMitsumi គ្រោងពង្រីកការវិនិយោគរោងចក្របច្ចេកវិទ្យាទំនើប


ស្ថានទូតកម្ពុជាប្រចាំជប៉ុន បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន MinebeaMitsumi ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមលើបច្ចេកវិទ្យាទំនើប និងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងប្រទេសទាំងពីរ។
 
កម្ពុជា និងក្រុមហ៊ុនយក្សជប៉ុន MinebeaMitsumi បានព្រមព្រៀងគ្នាក្នុងការរៀបចំផែនការបន្តពង្រីកការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មបច្ចេកវិទ្យាទំនើបនៅកម្ពុជា។
 
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពម្ពុជា ប្រចាំប្រទេសជប៉ុន បានទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន MinebeaMitsumi នាទីក្រុងតូក្យូ នៅថ្ងៃទី ១៤ កញ្ញា និងបានជួបពិភាក្សាការងារជាមួយលោក Yoshihisa Kainuma ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi ព្រមទាំងបានចូលទស្សនា X TECH MUSEUM របស់ក្រុមហ៊ុនផងដែរ។
 
ក្នុងជំនួបនោះ ឯកឧត្តម ជុំ សុន្ទរី បានសម្តែងការកោតសរសើរចំពោះទំនុកចិត្តរបស់ក្រុមហ៊ុន MinebeaMitsumi លើកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ការបង្កើតការងារ ការអភិវឌ្ឍជំនាញ និងការផ្ទេរបច្ចេកវិទ្យា។ ឯកឧត្តមបានស្វាគមន៍ចំពោះការបន្តពង្រីកសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ជាពិសេសនៅខេត្តពោធិ៍សាត់ ដោយគូសបញ្ជាក់ថា វត្តមានរីកចម្រើនរបស់នេះ មិនត្រឹមតែជួយពង្រឹងមូលដ្ឋានឧស្សាហកម្មកម្ពុជាឱ្យផុតពីការប្រមូលផ្តុំនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសេដ្ឋកិច្ចនៅតាមបណ្តាខេត្តទៀតផង។
 
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើឱកាសពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម លើវិស័យផលិតកម្មទំនិញទំនើប ផលិតផលដែលមានភាពជាក់លាក់ខ្ពស់ ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យា និងផលិតកម្មបៃតង។ ឯកឧត្តមទូត បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឈានទៅរកផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងតម្រូវការបណ្តុះបណ្តាលវិស្វករ អ្នកបច្ចេកទេស និងកម្ពុជាឱ្យកាន់តែច្រើន ដើម្បីទ្រទ្រង់ការផ្លាស់ប្តូររូបរាងឧស្សាហកម្មជាតិ។
 
កម្ពុជាបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស រួមទាំងអាហារូបករណ៍ ការបណ្តុះបណ្តាលបច្ចេកទេស និងកម្មវិធីផ្លាស់ប្តូរ ព្រមទាំងបានស្វាគមន៍គំនិតផ្តួចផ្តើមថាមពលកើតឡើងវិញរបស់ក្រុមហ៊ុន និងបង្ហាញបំណងកម្ពុជាក្នុងការជ្រើសរើសកិច្ចសហប្រតិបត្តិការលើផលិតកម្មបៃតង និងចីរភាពបរិស្ថាន។
 
កម្ពុជា គាំទ្រដល់ការបន្តសកម្មភាពអាជីវកម្មរបស់ MinebeaMitsumi និងសម្របសម្រួលកិច្ចសន្ទនាជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត។
 
សូមបញ្ជាក់ថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន ​សម្រេច​បាន​ទំហំ​ទឹក​ប្រាក់​ជាង ​១,៤ ​ពាន់លានដុល្លារ នៅ​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២៦ កើនឡើងជិត ១៧% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា