៨ខែឆ្នាំនេះ ការដឹកជញ្ជូនទំនិញផ្លូវអាកាសកើនឡើង​១៧​ភាគរយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៨ខែឆ្នាំនេះ ការដឹកជញ្ជូនទំនិញផ្លូវអាកាសកើនឡើង​១៧​ភាគរយ

៨ខែឆ្នាំនេះ ការដឹកជញ្ជូនទំនិញផ្លូវអាកាសកើនឡើង​១៧​ភាគរយ

ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៦នេះ ការដឹកជញ្ជូន​ទំនិញតាមផ្លូវអាកាស មានកំណើន ១៧% បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ចំណែកអ្នកដំណើរចេញ-ចូល តាមអាកាសយានដ្ឋានអន្តរជាតិទាំងបីមានចំនួនជាង៤
លាននាក់។

ផ្អែកតាមរបាយការណ៍ចរាចរណ៍ផ្លូវអាកាស ចាប់ពីខែ​មករា ដល់ខែសីហា អាកាសយានដ្ឋានអន្តរជាតិទាំង៣រ​បស់​កម្ពុជារួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយាន​ដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ ទទួលបានជើងហោះហើរចេញ-ចូលសរុបចំនួន ជាង៤ ម៉ឺន២ពាន់ជើង ,ចំនួននេះ​បើធៀបនឹងរយៈ​ពេល​ដូច​គ្នា​ក្នុងឆ្នាំ២០២៥ ថយចុះបន្តិច។ប៉ុន្តែការដឹកជញ្ជូនទំនិញតាម​ផ្លូវអាកាសបានស្ទុះងើបឡើងយ៉ាងខ្លាំង​រហូត​ដល់ជាង ៦ម៉ឺន ៦ពាន់តោន ពោលគឺកើនឡើង ១៧% ហើយចំនួនជើងហោះ​ហើររំលងដែនអាកាសកម្ពុជា មានចំនួន ៦១ ៦២០ ជើង កើន​ឡើង ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល៨ខែ ចំនួនអ្នកដំណើរចេញ-ចូលទ្វេទិសមានសរុប ៤លាន ,១៥ម៉ឺន​នាក់ ។តួលេខនេះមានការថយចុះខ្លះបើធៀបនឹងឆ្នាំ២០២៥។

ដោយឡែក សម្រាប់ចំនួនជើងហោះហើរចេញ-ចូលក្នុងខែ​សីហា មានជិត ៥ពាន់ជើង និងការដឹកជញ្ជូនទំនិញមាន​ចំនួនជិត ១ម៉ឺនតោន ដែលរក្សាបាននូវស្ថេរភាពប្រហាក់​ប្រហែលនឹងខែមុន។ រីឯចំនួនអ្នកដំណើរចេញ-ចូលមានចំនួន ៤៤ម៉ឺន ៧ពាន់នាក់ កើនឡើង ១% បើធៀបនឹងខែកក្កដា។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​បាន​ប្រាប់បណ្តាញសារព័ត៌មាន AMS ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ៣៣ ក្រុមហ៊ុន កំពុង​ប្រតិបត្តិការហោះហើរ ក្នុងនោះមានក្រុមហ៊ុនជាតិចំនួន ៤ និងក្រុមហ៊ុនអន្តរជាតិចំនួន ២៩។

អាកាសយានដ្ឋានអន្តរជាតិតេជោ នៅតែជាបេះដូងដ៏សំខាន់​ដោយ​ទទួលបានជើងហោះហើរចំនួន ៣៤ម៉ឺននាក់ និង​ទំនិញ​តាមផ្លូវអាកាសចំនួន ៩,៣០០ តោន។ ចំណែក អាកាសយាន​ដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបាន​អ្នកដំណើរ​ចំនួន ៨៥ ០០០ នាក់ និងទំនិញចំនួន ៨១ តោន។ រីឯអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបាន​អ្នកដំណើរ​ចំនួនជិត ២ម៉ឺននាក់ ។ ដោយឡែក អាកាសយានដ្ឋានតារា​សាគរ ក៏ទទួលបានជើងហោះហើរចេញ-ចូលចំនួន ១៨ ជើង និងអ្នកដំណើរចំនួន ៨៤៤ នាក់ផងដែរក្នុងរយៈពេលដូចគ្នា។ នេះបើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបញ្ជាក់៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា