សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋនឹងបន្ថែមគោល​នយោបាយលើកទឹកចិត្តដល់ឧស្សាហកម្មធុនធ្ងន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋនឹងបន្ថែមគោល​នយោបាយលើកទឹកចិត្តដល់ឧស្សាហកម្មធុនធ្ងន់

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋនឹងបន្ថែមគោល​នយោបាយលើកទឹកចិត្តដល់ឧស្សាហកម្មធុនធ្ងន់

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយ​លើក​ទឹកចិត្តមួយចំនួនទៀតនាពេលខាងមុខ ដើម្បីធ្វើឱ្យក្រុម​ហ៊ុនមួយចំនួនដូចជា ការផលិតរថយន្តជាដើម អាចជួយទៅ​ដល់​ឧស្សាហកម្មទាំងនេះ ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រផ្តុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេក​ឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មម៉ាក GAC នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅ​ខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសរំលេចថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផ្គុំ និងដំឡើង​រថយន្តសរុបចំនួន ១៥ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ ដោយបានបង្កើតការងារសរុប ២៧៧៤ កន្លែង ។

ទន្ទឹមគ្នានេះដែរសម្ដេចធិបតីបានជំរុញឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពិនិត្យមើលការកំណត់បន្ថែមទៀតនៃ​ការ​ពង្រីក ចំនួនក្រុមហ៊ុនដំឡើងរថយន្ត ខណៈសម្ដេចមើលឃើញថា ក្រុមហ៊ុនដំឡើងរថយន្តទៅថ្ងៃក្រោយ នឹងឈានទៅ​ដល់ការ​ផលិតកម្រិតណាមួយដែលជាការវិនិយោគធំ និងទីផ្សារចំពោះ​ការផលិត ។សម្ដេចធិបតីបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន និងរោងចក្រទាំងអស់មានសមត្ថភាពផលិតរថយន្តបានចំនួន ៣៥.០០០ គ្រឿងរួចទៅហើយ។ សម្ដេចធិបតីបានបន្តដោយលើកជាសំណួរថា ដូច្នេះត្រូវពិនិត្យ​មើលថា តើត្រូវផ្ដល់បន្ថែមទៀត ឬត្រូវបន្ថយល្បឿនវិញ? ។

ការរោងចក្រផ្គុំ និងដំឡើងរថយន្ត បានជួយកាត់បន្ថយការ​នាំចូល​ផលិតផលសម្រេចពីខាងក្រៅជំនួសមកវិញនូវការផលិត ផ្គុំក្នុងស្រុករក្សាបាននូវរូបិយបណ្ណបរទេស និងបង្កើនតម្លៃ​បន្ថែមផ្ទាល់ក្នុងប្រទេស។ សម្ដេចធិបតីបញ្ជាក់លើអំណះ​អំណាង​នេះថា បើយើងនាំចូលមក, យើងបង់តែលុយៗទាំង​អស់នៅក្រៅ ទាំងលុយសម្រាប់ពលកម្មជាដើម ។ប៉ុន្ដែយើង​ដំឡើង​នៅក្នុងស្រុកមួយផ្នែកថវិកាចូលទៅដល់បុគ្គលិក​ក្នុងស្រុករបស់យើង ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការបង្កើតរោងចក្រ​សហគ្រាសនៅប្រទេសកម្ពុជា មិនត្រឹមតែជាការបង្កើតការងារ​នោះទេ តែជាការផ្ទេរជំនាញពិតប្រាកដ ការបណ្តុះបណ្តាល​ជំនាញ​លើវិស័យទាំងនោះដល់កូនខ្មែរ ។ រោងចក្រសហ​គ្រាស ដែលមានវត្តមាននៅកម្ពុជា ចាំបាច់ណាស់បណ្ដុះបណ្តាល​ជំនាញដល់បុគ្គលិកខ្មែរ ដើម្បីឱ្យច្រវាក់ផលិតកម្មរបស់​ខ្លួនកាន់តែរីកចម្រើន ៕
ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា