វិភាគ ៖ ភាពយន្ត និងសំឡេង AI វាយលុកលើបណ្តាញសង្គមកម្ពុជា ខណៈក្រសួងវប្បធម៌កំពុងធ្វើវិសោធនកម្មច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិភាគ ៖ ភាពយន្ត និងសំឡេង AI វាយលុកលើបណ្តាញសង្គមកម្ពុជា ខណៈក្រសួងវប្បធម៌កំពុងធ្វើវិសោធនកម្មច្បាប់

វិភាគ ៖ ភាពយន្ត និងសំឡេង AI វាយលុកលើបណ្តាញសង្គមកម្ពុជា ខណៈក្រសួងវប្បធម៌កំពុងធ្វើវិសោធនកម្មច្បាប់

ការកើនឡើងនៃភាពយន្ត និងវីដេអូបញ្ចូលសំឡេងបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) នៅលើបណ្តាញសង្គមកម្ពុជា កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារភាពចម្លែកថ្មី ការកម្សាន្តលឿនរហ័ស និងភាពងាយស្រួលក្នុងការផលិត។ ក្រសួងវប្បធម៌បានព្រមានពីផលប៉ះពាលល់ និងកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ផងដែរ។

បច្ចុប្បន្ន វីដេអូ និងភាពយន្តដែលបង្កើតឡើងដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការបញ្ចូលសំឡេង AI កំពុងទទួលបានការពេញនិយម និងទាក់ទាញអារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមកម្ពុជា។ កត្តាចម្បងដែលធ្វើឱ្យទម្រង់នេះរីកដុះដាលយ៉ាងឆាប់រហ័ស គឺដោយសារភាពចម្លែកប្លែកអារម្មណ៍ និងសមត្ថភាពក្នុងការផលិតបានលឿនរហ័ស ដោយមិនបាច់ចំណាយពេល ឬថវិកាច្រើនលើអ្នកបញ្ចូលសំឡេងពិតប្រាកដ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងពាក់ព័ន្ធ និងអ្នកជំនាញបានសង្កេតឃើញថា ការប្រើប្រាស់ AI លើការងារនេះបានកំពុងផ្តល់ផលទាំងវិជ្ជមាន និងអវិជ្ជមាន។ឮ ហើយក្រសួងវប្បធម៌ ក៏កំពុងរៀបចំវិសោធនកម្មច្បាប់ពាក់ព័ន្ធសិទ្ធិអ្នកនិពន្ធផងដែរ។

ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានព្រមានអំពីផលប៉ះពាល់នៃការប្រើ AI បញ្ចូលសំឡេងខុសឆ្គង និងកាតព្វកិច្ចច្បាប់របស់អ្នកប្រើប្រាស់។ ផលប៉ះពាល់លើភាសាជាតិ ការអានខុសសំនៀង និងឃ្លាប្រយោគមិនត្រឹមត្រូវ បង្កការភាន់ច្រឡំក្នុងការប្រើប្រាស់ភាសាខ្មែរទៅថ្ងៃអនាគត ដោយប៉ះពាល់ខ្លាំងជាពិសេសលើអនីតិជន និងអ្នកពុំមានការអប់រំជ្រៅជ្រះ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា កាតព្វកិច្ច និងទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ ថ្វីបើ AI ផ្តល់ឱកាសទូលំទូលាយក្នុងការច្នៃប្រឌិត និងផលិតមាតិកាថ្មីៗ ប៉ុន្តែអ្នកប្រើប្រាស់ត្រូវតែមានទំនួលខុសត្រូវខ្ពស់។ ប្រសិនបើការប្រើប្រាស់នោះទៅប៉ះពាល់ ឬរំលោភសិទ្ធិឯកជនរបស់អ្នកដទៃ អ្នកប្រព្រឹត្តនឹងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន។

លោក ហ៊ឹន សុភាព អ្នកជំនាញបណ្តុះបណ្តាលលើផ្នែកយុទ្ធសាស្ត្រ និងជំនាញបញ្ញាសិប្បនិម្មិត AI បានពន្យល់ថា AI មិនចេះភាសាខ្មែរដូចមនុស្សទេ គឺវាអាស្រ័យលើទិន្នន័យដែលយើងផ្តល់ឱ្យ។ បើទិន្នន័យមិនគ្រប់គ្រាន់ មិនត្រឹមត្រូវ ឬគ្មានការសម្អាត នោះ AI នឹងរៀនស្រូបយកទាំងអ្វីដែលត្រូវ និងអ្វីដែលខុស ហើយនិយាយខុសតាមនោះ។

ទិន្នន័យសំឡេង អត្ថបទ និងការផ្គូផ្គងសូរស័ព្ទជាភាសាខ្មែរនៅមានកម្រិតតិចតួចណាស់ បើប្រៀបធៀបនឹងភាសាធំៗដូចជា អង់គ្លេស ចិន ឬជប៉ុន។ កត្តានេះធ្វើឱ្យម៉ូដែល AI ទូទៅ មិនទាន់មានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ភាសាខ្មែរនៅឡើយ។

លោក លៀក លីដា អ្នកដឹកនាំភាពយន្តខ្មែរ យល់ឃើញថា AI មិនអាចមកជំនួសការផលិតកុន និងតួសម្តែងសិល្បៈពិតប្រាកដបានឡើយ ព្រោះ AI ខ្វះមនោសញ្ចេតនា និងអារម្មណ៍ពិត។ គេអាចប្រើប្រាស់វាបានត្រឹមតែជាឧបករណ៍ ឬជាគំរូជំនួយប៉ុណ្ណោះ។ ចំពោះសន្ទុះនៃការគាំទ្រមាតិកា AI នាពេលបច្ចុប្បន្ន លោកសង្កត់ធ្ងន់ថា កំពុងធ្វើឱ្យអ្នកធ្វើការក្នុងវិស័យសិល្បៈពិតប្រាកដបាត់បង់ប្រាក់ចំណូលមួយផ្នែក។

បើតាមអ្នកដឹកនាំភាពយន្តដដែលនេះ អ្នកផលិតរឿង ឬមាតិកា មិនគួរបញ្ចូល ឬប្រើប្រាស់ AI សម្រាប់ការងារផ្លូវការឡើយ ជាពិសេសនៅក្នុងស្ថាប័នរដ្ឋ។ ទន្ទឹមនឹងនេះ គួរបន្តជំរុញ និងគាំទ្រស្នាដៃសិល្បៈពិតប្រាកដ ដែលកើតចេញពីមនុស្ស ជាជាងភាពយន្តដែលបង្កើតដោយបច្ចេកវិទ្យា។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា បានលើកឡើងថា កំណើននៃភាពយន្ត និងការបញ្ចូលសំឡេង AI ដែលគ្មានស្តង់ដារ កំពុងក្លាយជាបញ្ហាប្រឈមគួរឱ្យព្រួយបារម្ភ ជាពិសេសចំពោះកុមារ។
សំឡេង AI មួយចំនួននៅមានលក្ខណៈរឹងស្តូក ខ្វះទឹកដម និងមនោសញ្ចេតនា ខណៈការបកប្រែ និងការអានក៏អាចមានកំហុសឆ្គង ដោយសារម៉ាស៊ីនមិនអាចយល់បរិបទភាសាបានស៊ីជម្រៅដូចមនុស្សឡើយ។

បញ្ហាប្រឈមធំមួយទៀត គឺនៅពេលអ្នកទស្សនាស្តាប់ភាសាបែបនេះជាប្រចាំ អាចនឹងចាប់ផ្ដើមចងចាំ និងយកសំឡេង ឬរបៀបនិយាយរបស់ AI ទៅត្រាប់តាម។ លោកបណ្ឌិតយល់ថា កុមារតូចៗ និងយុវជន គឺជាក្រុមដែលងាយទទួលរងឥទ្ធិពល និងយកតម្រាប់តាមការប្រើប្រាស់ភាសាទាំងនេះ លឿនជាងក្រុមអាយុផ្សេងទៀត។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងរួមជាមួយស្ថាប័នពាក់ព័ន្ធ កំពុងពង្រឹងក្របខ័ណ្ឌច្បាប់ និងគោលនយោបាយយ៉ាងសកម្ម។ ក្នុងនោះ ក្រសួងកំពុងធ្វើវិសោធនកម្ម «ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល» ដោយបញ្ចូលបញ្ញត្តិ «សិទ្ធិអ្នកនិពន្ធឌីជីថល» ឱ្យមានវិសាលភាពគ្របដណ្តប់ពេញលេញ និងឆ្លើយតបបានយ៉ាងទាន់ពេលទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា AI៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា