ស្លែពណ៌បៃតងប្រៀបដូចត្បូងមរកត បង្កើនសោភណភាព ប្រាសាទឱ្យកាន់តែមានមន្តស្នេហ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្លែពណ៌បៃតងប្រៀបដូចត្បូងមរកត បង្កើនសោភណភាព ប្រាសាទឱ្យកាន់តែមានមន្តស្នេហ៍

ស្លែពណ៌បៃតងប្រៀបដូចត្បូងមរកត បង្កើនសោភណភាព ប្រាសាទឱ្យកាន់តែមានមន្តស្នេហ៍

នារដូវវស្សាដែលមានភ្លៀងធ្លាក់ជោកជាំ បង្កើតបាននូវ​ភាពអស្ចារ្យមួយ ។នោះគឺស្លែពណ៌បៃតងស្រស់ដូចត្បូងមរកត ដែលដុះតោងលើផ្ទាំងថ្ម និងរូបចម្លាក់សិលាចំណាស់ មិនត្រឹម​តែបន្ថែមសោភណភាពបែបធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបានប្រែ​ប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរឱ្យមានជីវិតរស់រវើក និង ឆក់យកបេះដូងភ្ញៀវទេសចរ​ឱ្យចូលទស្សនា​មិនជិន​ណាយ។

រៀងរាល់ នាពេលរដូវវស្សាឈានចូលមកដល់ ស្លែពណ៌​បៃតងខ្ចីប្រៀបបាននឹងត្បូងមរកត បានផុសឡើង​គ្របដណ្ដប់​ផ្ទាំងថ្មប្រាសាទ ឬរូបចម្លាក់នានា បង្កើតបានជាទស្សនីយ​ភាពប្លែកភ្នែក និងស្រស់ត្រកាល។ ជាកម្រាលព្រំធម្មជាតិដ៏មាន​មន្តស្នេហ៍​ឆក់យកអារម្មណ៍ និងក្រសែភ្នែកភ្ញៀវទេសចរឱ្យលង់​លក់ក្នុងភាពស្ងប់ស្ងាត់នៃបុរាណដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត។ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញមានទេសចរជាច្រើនបាន​ចំណាយពេលគយគន់ និងផ្តិតយករូបភាពរូប​ចម្លាក់ដែលគ្រប​ដណ្ដប់ដោយស្លែពណ៌បៃតងទាំងនោះ ទុកជាអនុស្សាវរីយ៍​ដ៏មានតម្លៃ។

លើសពីភាពទាក់ទាញផ្នែកសោភណភាព «ស្លែ» ដែលដុះរុំ​ស្រោប​លើផ្ទាំងសិលាប្រាសាទបុរាណ ថែមទាំងផ្តល់នូវ​អត្ថប្រយោជន៍ដ៏គួរឱ្យកត់សម្គាល់ផងដែរ។ អ្នកជំនាញផ្នែកអភិរក្សថ្មបុរាណបានពន្យល់ថា ស្លែធម្មជាតិ​ទាំងនេះ មិនត្រឹម​តែជាប្រភពនៃភាពអស្ចារ្យប៉ុណ្ណោះទេ តែវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផ្ទាំងថ្មពីកម្តៅថ្ងៃ និងជួយបន្សុទ្ធខ្យល់ អាកាសឱ្យបរិសុទ្ធ ខណៈបច្ចុប្បន្ន ទីក្រុងធំៗនៅលើពិភពលោកកំពុងខិតខំបណ្តុះស្លែដើម្បីជួយបរិស្ថាន ។កម្ពុជាពិតជា​មានសំណាងដែលធម្មជាតិបានផ្តល់​នូវប្រព័ន្ធការពារដ៏រឹងមាំនេះដោយឯកឯង។

អាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា ទោះក្នុងរដូវវស្សា ឬ​រដូវប្រាំង ស្លែនៅតែបន្តបំពេញតួនាទីជាស្រទាប់ការពារ កាត់​បន្ថយ​កម្តៅដែលជះមកលើផ្ទាំងថ្មប្រាសាទ ដែលមានអាយុ​កាលរាប់រយ រាប់ពាន់ឆ្នាំ។

បច្ចុប្បន្នគេសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនា និងទទួលយកបទពិសោធន៍​ដ៏ស្រស់​បំព្រង​នេះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ ភ្ញៀវទាំង​ឡាយមិនដែលរំលងការផ្តិតយករូបភាព ឬស្ទាប​អង្អែលកម្រាល​ព្រំមរកតនេះឡើយ ។

យោងតាមរបាយការណ៍គ្រឹះស្ថានអង្គរ ក្នុងរយៈពេល ៨ខែឆ្នាំ​នេះ រមណីយដ្ឋានអង្គរ បានលក់សំបុត្រជូនភ្ញៀវទេសចរ​បរទេស​បានចំនួនជាង ៤៧ម៉ឺននាក់ និងរកចំណូលបាន​២២លានដុល្លារអាម៉េរិក៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា