អ្នកជំនាញ៖ថៃកម្រិតព្រំដែនអ្នកសង្កេតការណ៍អាស៊ាន ដើម្បីបិទ​បាំងសកម្មភាពឈ្លានពានរបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ៖ថៃកម្រិតព្រំដែនអ្នកសង្កេតការណ៍អាស៊ាន ដើម្បីបិទ​បាំងសកម្មភាពឈ្លានពានរបស់ខ្លួន

អ្នកជំនាញ៖ថៃកម្រិតព្រំដែនអ្នកសង្កេតការណ៍អាស៊ាន ដើម្បីបិទ​បាំងសកម្មភាពឈ្លានពានរបស់ខ្លួន

យុទ្ធសាស្ត្រយោធារបស់ថៃក្នុងការកម្រិតដែនចុះ​សង្កេតការណ៍របស់អាស៊ាន និងការចោទប្រកាន់កម្ពុជាជុំវិញ​បទល្មើស​អនឡាញ កំពុងប្រឈមនឹងការបាត់បង់ភាពជឿជាក់ ក្នុងពេលដែលភាគីថៃព្យាយាមប្រើប្រាស់កម្លាំង​ជំនួសឱ្យ​កិច្ចសហប្រតិបត្តិការយោធា។
 
ផ្អែកលើទស្សនវិស័យផ្នែកយោធា ប្រទេសថៃត្រូវបាន​គេមើលឃើញថា ជ្រើសរើសអនុញ្ញាតឱ្យក្រុមអ្នកសង្កេត​ការណ៍​អាស៊ានចូលពិនិត្យតែតំបន់មួយចំនួនប៉ុណ្ណោះ ក្នុងគោល​បំណង​រក្សាការសម្ងាត់អំពីទីតាំងអាវុធយុទ្ធភណ្ឌ និងកា​ររៀបចំប្រតិ​បត្តិការ​សន្តិសុខការពារជាតិរបស់ខ្លួន។
 
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា យល់​ឃើញថា ភាគីថៃអាចចាត់ទុកការចុះពិនិត្យ​របស់ក្រុមអ្នក​សង្កេតការណ៍អាស៊ាន គឺជាកត្តាដែលអាចបង្កហានិភ័យដល់​ប្រតិបត្តិការយោធារបស់ខ្លួន ហេតុនេះហើយទើបថៃបានរៀប​ចំ និងកំណត់វិសាលភាពនៃដំណើរទស្សនកិច្ចទាំងនោះយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីកាត់បន្ថយហានិភ័យចំពោះ​ប្រតិបត្តិ​ការ​សន្តិសុខ។
 
ទន្ទឹមនឹងនេះ បញ្ហាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ទំនងជាត្រូវបានភាគីថៃយកមកប្រើប្រាស់ជាមធ្យោបាយ ដើម្បីបង្កើត និងផ្សព្វផ្សាយរូបភាពអវិជ្ជមានអំពីភាពពាក់ព័ន្ធ​របស់​កម្ពុជាទៅនឹងសកម្មភាពឧក្រិដ្ឋកម្ម។ ការបង្ហាញរូប​ភាពបែបនេះ គឺជាយុទ្ធសាស្ត្រសំខាន់ក្នុងការបង្កើតសុពលភាព​ស្របច្បាប់ ដើម្បីដោះសារអំពីសកម្មភាពយោធារបស់ខ្លួន ក្នុងពេលដែលថៃនៅតែអាចបន្តប្រតិបត្តិការសន្តិសុខបាន។
 
ក្នុងទិដ្ឋភាពផ្លូវច្បាប់ ការដែលភាគីថៃព្យាយាមបង្កើតរូបភាព​ចោទ​ប្រកាន់​អំពីការផ្សំគំនិត ឬការជាប់ពាក់ព័ន្ធរបស់កងកម្លាំង​ប្រដាប់អាវុធ និងរាជរដ្ឋាភិបាលកម្ពុជាជាមួយឧក្រិដ្ឋជនមាន​អង្គការចាត់តាំង គឺជាចេតនាក្នុងការបង្កើនអំណះអំណាង​ផ្លូវច្បាប់ឱ្យកាន់តែរឹងមាំ ដើម្បីយកធ្វើជានគរូបនីយកម្ម ឬលេសក្នុងការប្រើប្រាស់កម្លាំងយោធាជ្រៀតជ្រែក។
 
យ៉ាងណាមិញ អំណះអំណាងរបស់ថៃនឹងបាត់បង់ភាពជឿជាក់​យ៉ាងខ្លាំង ប្រសិនបើមានការបង្ហាញឱ្យឃើញច្បាស់ថា សកម្មភាពឧក្រិដ្ឋកម្មទាំងនោះមិនមែនជាបញ្ហាដែលតម្រូវឱ្យប្រើប្រាស់កម្លាំងយោធានោះទេ ប៉ុន្តែអាចដោះស្រាយ​បាន​យ៉ាងល្អប្រសើរតាមរយៈប្រតិបត្តិការរួម ឬកិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ននគរបាលនៃប្រទេសទាំងពីរ ដែលកន្លងមក​ប្រតិបត្តិ​ការរួមគ្នាបែបនេះមិនដែលបានកើតមានឡើងទាល់តែសោះ។
 
អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ លោក ថុង ម៉េងដាវីត យល់ថា ចេតនារបស់ថៃ គឺជាយុទ្ធសាស្ត្របំភ័ន្តអន្តរជាតិ ដើម្បីស្វែងរកភាពស្របច្បាប់លើ​សកម្មភាពយោធារបស់ខ្លួនកាលពីឆ្នាំ២០២៥ ដោយ​យក​លេសបង្រ្កាប Online Scam នៅក្នុងទឹកដីកម្ពុជា។ លោកបន្ថែមថា ទង្វើទាំងនេះ គឺមានបំណងបង្វែរអារម្មណ៍​សហគមន៍​អន្តរជាតិពីការឈ្លានពានអធិបតេយ្យភាពកម្ពុជា មកបង្កើតជារូបភាពថា ថៃកំពុងបំពេញកាតព្វកិច្ចរក្សាសន្តិសុខ​តំបន់ទៅវិញ។
 
ដូចដែលក្រុមអ្នកតាមដានសង្គម និងនយោបាយបានលើក​ឡើងជាបន្តបន្ទាប់ ប្រទេសថៃបានរំលោភលើច្បាប់អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ ដោយបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះត្រួតពិនិត្យអគារកាស៊ីណូនៅតំបន់អូស្មាច់ ខេត្តឧត្តរមានជ័យ ក្នុងទឹកដីកម្ពុជាដោយឯកតោភាគី និងគ្មានការអនុញ្ញាតពីម្ចាស់​ប្រទេស។ តំបន់នេះត្រូវបានយោធាថៃចូលកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ចុងឆ្នាំ២០២៥៕


ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា