ក្រសួងរៀបចំដែនដីអនុញ្ញាតឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា លក់ឡៃឡុងដីឡូត៍នៅសៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដីអនុញ្ញាតឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា លក់ឡៃឡុងដីឡូត៍នៅសៀមរាប

ក្រសួងរៀបចំដែនដីអនុញ្ញាតឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា លក់ឡៃឡុងដីឡូត៍នៅសៀមរាប

ក្រសួងរៀបចំដែនដីបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបញ្ជាក់ថា ក្រសួងបានអនុញ្ញាតឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា លក់ឡៃឡុងដីឡូត៍នៅខេត្តសៀមរាប ដើម្បីប្រមូលថវិកាមកដោះស្រាយគម្រោងជាប់គាំងនៅខេត្តកណ្តាល។

ដើម្បីបញ្ចប់មន្ទិលសង្ស័យនានា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដាក់លក់ឡៃឡុងដីឡូត៍នៅទំនេរចំនួន ១ ២៩១ក្បាលដី ក្នុងគម្រោង ឡេង ណាវ៉ាត្រា ដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣កញ្ញា ក្រសួងរៀបចំដែនដីពន្យល់ថា ការលក់ឡៃឡុងនេះ គឺដើម្បីប្រមូលថវិកាយកទៅទ្រទ្រង់ដំណើរការដោះស្រាយជូនអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ របស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង និងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្រសួងរៀបចំដែនដីបញ្ជាក់ថា ដីឡូត៍នៅខេត្តសៀមរាបនេះ គឺជាដីដែលមានទីតាំងពិតប្រាកដ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ជាបណ្ណបំបែកក្បាលដី) រួចរាល់ មិនពាក់ព័ន្ធនឹងតតិយជន ហើយក៏មិនប៉ះពាល់លើទីតាំងដីឡូត៍ ដែលអតិថិជនបានទិញ ឬដោះដូរកន្លងមកនោះឡើយ។

ដើម្បីធានាតម្លាភាព ក្រសួងរៀបចំដែនដីប្រកាសថា រាល់ប្រតិបត្តិការទូទាត់ប្រាក់លក់ទិញដីឡូត៍ខាងលើ ត្រូវធ្វើឡើងតាមគណនីរបស់ក្រសួងនៅធនាគារកាណាឌីយ៉ា ដែលមានលេខ 001-000 856 4111 ដូចមានក្នុង QR Code ភ្ជាប់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។

ការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឡើងបន្ទាប់ពីលោក ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ប្រកាសបើកលក់ដីឡូត៍ឡៃឡុងដំណាក់កាលទី១ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយបញ្ចុះតម្លៃរហូតដល់ ៧៥% ឬតម្លៃចាប់ពី ៩៥០ ដុល្លារក្នុងមួយឡូត៍ទំហំ ៥×២០ ម៉ែត្រ។

លោក ឡេង ណាវ៉ាត្រា អះអាងថា អតិថិជនចាស់ក្នុងគម្រោងនេះនៅជំពាក់ក្រុមហ៊ុនប្រមាណ ២១ លានដុល្លារ ហើយការលក់បញ្ចុះតម្លៃនេះអាចធ្វើឱ្យក្រុមហ៊ុនខាតបង់ជិត ១៥ លានដុល្លារ។ ទោះបីយ៉ាងណា ក្រុមហ៊ុនត្រូវចាត់វិធានការលក់ឡៃឡុងនេះ ដើម្បីប្រមូលថវិកាជូនក្រសួងរៀបចំដែនដី យកទៅបញ្ចប់គម្រោង 6A និងគម្រោងដែលនៅសេសសល់ផ្សេងទៀត។

ទោះបីជាលោក ឡេង ណាវ៉ាត្រា ធានាថា ការលក់នេះទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដីក៏ដោយ ក៏កន្លងមក អតិថិជនជាច្រើននៅមានភាពអល់អែក ដោយសារក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ រហូតមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចសន្យាជាមួយអតិថិជន។

ដូច្នេះ ការប្រកាសរបស់ក្រសួងរៀបចំដែនដីនៅពេលនេះ បានជួយជម្រះមន្ទិលក្នុងចិត្តរបស់អ្នកដែលចង់ទិញដីឡូត៍នៅខេត្តសៀមរាបរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា