សម្តេចតេជោ ហ៊ុន សែន៖ «អំណាច ហ៊ុន សែន មិនទាន់ចប់ទេ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន៖ «អំណាច ហ៊ុន សែន មិនទាន់ចប់ទេ»

សម្តេចតេជោ ហ៊ុន សែន៖ «អំណាច ហ៊ុន សែន មិនទាន់ចប់ទេ»

ថ្ងៃនេះគឺជាខួប២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ជនមួយក្រុម ដែលសម្តេចហៅថាជា «ពួកចោរនយោបាយ»។ សម្តេចបានបញ្ជាក់ថា «អំណាចហ៊ុន សែនមិនទាន់ចប់ទេ» ហើយសម្តេចប្រកាសបន្តកំដរលេងជាមួយពួកកម្ចាត់ត្រកូលហ៊ុន រហូតដល់ពួកនេះអស់ពីផែនដី។
 
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ជនមួយក្រុម ដែលសម្តេចហៅថាជា «ពួកចោរនយោបាយ»។
 
នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គមនៅថ្ងៃនេះ  សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកឡើងវិញអំពីហេតុការណ៍លួចធ្វើឃាតសម្តេចនៅខេត្តសៀមរាបកាលពី២៨ឆ្នាំមុន និងដំណើរជីវិតនយោបាយរបស់សម្តេចនៅពេលបន្ទាប់មក។
 
សម្តេចតេជោបានសរសេរថា ក្រោយពីរួចផុតពីការប៉ុនប៉ងធ្វើឃាតនៅឆ្នាំ១៩៩៨ សម្តេចបានដាក់ដៃលើក្បាល និងសច្ចាក្នុងចិត្តថា ត្រូវពង្រឹងអំណាច និងត្រូវបញ្ចប់សង្គ្រាមឱ្យបាន។
 
សម្តេចបានបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៨ សម្តេចធ្លាប់ស្នើសុំឈប់ធ្វើជានាយករដ្ឋមន្ត្រី។ សំណើនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណបក្ស ដែលធ្វើឡើងនៅផ្ទះរបស់សម្តេចក្នុងក្រុងតាខ្មៅ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨ ក្រោមអធិបតីភាពសម្តេច ជា ស៊ីម។ ប៉ុន្តែតាមការរៀបរាប់របស់សម្តេច មិនមានថ្នាក់ដឹកនាំណាម្នាក់យល់ព្រមឱ្យសម្តេចចាកចេញពីតំណែងនេះទេ។
 
សម្តេចតេជោបានបន្តថា ដំបូងឡើយ សម្តេចគិតថានឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០០៣។ ប៉ុន្តែក្រោយការប៉ុនប៉ងធ្វើឃាតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ សម្តេចបានសម្រេចចិត្តថា នឹងពង្រឹងអំណាច បញ្ចប់សង្គ្រាម និងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ពេលដែលសម្តេចចង់ឈប់ធ្វើ។
 
សម្តេចក៏បានរំលឹកពីការលើកឡើងកន្លងមករបស់សម្តេចកាលពីអតីតកាលថា «ថ្ងៃនេះ ខ្ញុំជានាយករដ្ឋមន្ត្រី ថ្ងៃក្រោយ ខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រី»។ សម្តេចបានលើកឡើងថា ការលើកឡើងនេះបានក្លាយជាការពិត ដោយកូនរបស់សម្តេច គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។
 
នៅក្នុងសារដដែល សម្តេចបានសង្កត់ធ្ងន់ថា «អំណាចហ៊ុន សែនមិនទាន់ចប់ទេ» ដោយសំដៅលើតួនាទីរបស់សម្តេចជាប្រធានគណបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា។ សម្តេចបានប្រកាសថា សម្តេចនឹងបន្តកំដរលេងជាមួយពួកកម្ចាត់ត្រកូលហ៊ុន រហូតដល់ពួកនេះអស់ពីផែនដី៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា