កម្ពុជា ព្រីតថេន និងអៀរឡង់ខាងជើង ចុះ MOU រួមគ្នាប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ព្រីតថេន និងអៀរឡង់ខាងជើង ចុះ MOU រួមគ្នាប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជា ព្រីតថេន និងអៀរឡង់ខាងជើង ចុះ MOU រួមគ្នាប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃនៃព្រីតថេន និងអៀរឡង់ខាងជើង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យាឆ្លងដែន និងពង្រឹងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
 
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦រវាងឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Lord Hanson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង។ តាមរយៈ MoU នេះ ប្រទេសទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារពិសេសមួយ ដូចក្រុមការងារពិសេសដែលកម្ពុជាមានជាមួយប្រទេសថៃ វៀតណាម ឡាវ កូរ៉េ ជប៉ុន និងអូស្ត្រាលី។
 
ភាគីទាំងពីរនឹងសម្រួលដល់ការផ្តល់ព័ត៌មានសម្ងាត់ទៅវិញទៅមក ការផ្លាស់ប្តូរទិន្នន័យបទល្មើស ព្រមទាំងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ព្រមទាំងស៊ើបអង្កេត ស្វែងរកប្រភពដើមនៃបទល្មើស ការទប់ស្កាត់ការលាងលុយ និងការដកហូតទ្រព្យសម្បត្តិដែលបានមកពីការឆបោក និងការដាក់ទណ្ឌកម្មលើឧក្រិដ្ឋជន។
 
យោងឯកឧត្តម ស សុខា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជនបរទេស៥ម៉ឺននាក់ត្រូវបានបណ្តេញចេញ និងស្ម័គ្រចិត្តចាកចេញពីកម្ពុជា ដោយមួយចំនួនបានត្រឡប់ទៅប្រទេសដើមកំណើត និងមួយចំនួនទៀតចាកចេញទៅបណ្តាប្រទេសជិតខាងដូចជា ប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា ស្រីលង្កា និងបង់ក្លាដេស។
 
ចំពោះការអនុវត្តច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ទៀតថា ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបញ្ជូនសំណុំរឿង និងបុគ្គលពាក់ព័ន្ធចំនួន ២២០០នាក់ ទៅកាន់តុលាការ និងកំពុងរៀបចំរឿងក្តីបន្ថែមទៀត។
 
ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខាងមុខតទៅ កម្ពុជានឹងមិនអនុញ្ញាតឱ្យមានកាស៊ីណូអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញ នៅតាមកាស៊ីណូទៀតឡើយ។
 
លោក Lord Hanson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសលើការប្តេជ្ញាចិត្តខ្ពស់ និងវិធានការក្តៅក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការខិតខំរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
 
លោក Lord Hanson បានចាត់ទុកកម្ពុជាជា ដៃគូសហការដ៏សំខាន់ ក្នុងតំបន់ និងបានត្រៀមខ្លួនចែករំលែកបទពិសោធ ការអនុវត្តល្អៗ និងកិច្ចសហការជិតស្និទ្ធជាមួយកម្ពុជានាពេលអនាគត។ លោកបញ្ជាក់ថា ការចុះហត្ថលេខាលើ MoU នាពេលនេះ ថាមិនត្រឹមតែជាជំហានប្រវត្តិសាស្ត្រថ្មី ក្នុងទំនាក់ទំនងរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារព្រមានយ៉ាងច្បាស់ទៅកាន់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាថា កម្ពុជាមិនមែនជាដែនជម្រកសុវត្ថិភាពសម្រាប់សកម្មភាពខុសច្បាប់ឡើយ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា