ខេត្តចំនួន១០​រងគ្រោះទឹកជំនន់ ក្នុងនោះបាត់ដំបងប៉ះពាល់ធ្ងន់ធ្ងរជាងគេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តចំនួន១០​រងគ្រោះទឹកជំនន់ ក្នុងនោះបាត់ដំបងប៉ះពាល់ធ្ងន់ធ្ងរជាងគេ

ខេត្តចំនួន១០​រងគ្រោះទឹកជំនន់ ក្នុងនោះបាត់ដំបងប៉ះពាល់ធ្ងន់ធ្ងរជាងគេ

​​គិតត្រឹមថ្ងៃចន្ទនេះ ស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន​បានចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗហើយ ប៉ុន្តែ​តំបន់មួយចំនួននៅបន្តជន់លិច។ ​កម្ពស់ទឹកនៅតាមដងស្ទឹង​ក្នុងបណ្តាខេត្តខ្លះ​នៅប្រឈមហានិភ័យហក់ឡើងជាបន្តទៀត។​  ​

ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ពលរដ្ឋសរុបជាង៤ម៉ឺន៤ពាន់គ្រួសារ ក្នុងខេត្តចំនួន១០ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ពលរដ្ឋរងគ្រោះទាំងនោះស្ថិតនៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ក្នុងចំណោមពលរដ្ឋរងគ្រោះនោះ មានពលរដ្ឋ ៣ ៦៨៥ គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ ជាមួយគ្នានេះ ផ្ទះជាង៤ពាន់ខ្នង ស្រូ​វជិត ៥ម៉ឺនហិកតា ក៏រងផលប៉ះពាល់ផងដែរ ក្នុងនោះពលរដ្ឋក្នុងខេត្តបាត់ដំបងរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរជាងគេ។

របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបងបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួនជិត២ម៉ឺនខ្នង  ស្មើនឹង ២១,៨០៧គ្រួសារ នៅ ១៤ក្រុង ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់។ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកនៅទីទួលសុវត្ថិភាពសរុបចំនួន ៨៥៦គ្រួសារ។ ទឹកជំនន់ក្នុងខេត្តបាត់ដំបងនេះបានប៉ះពាល់ហេដ្ឋារចនាស័ម្ពន្ធទាំងសរុបចំនួន ៧៨០កន្លែង និងមានដំណាំស្រូវរងផលប៉ះពាល់សរុបជាង ៣ម៉ឺនហិកតា។ 

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុ​និយមខេត្តបាត់ដំបង  បានបញ្ជាក់ថា នៅថ្ងៃចន្ទនេះ ស្ថានភាពទឹកជំនន់នៅខេត្តបាត់ដំបងបានធូរស្បើយបន្តិច ហើយទឹកអាចនឹងបន្តស្រកចុះបន្តទៀត ប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែមទៀត។​

ចំណែកលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅក្នុងខេត្តប៉ៃលិន​បានចាប់ផ្តើម​ស្រក ហើយអាចនឹងវិលមកប្រក្រតីវិញនៅ​ថ្ងៃស្អែកនេះ។ 

នៅខេត្តសៀមរាបឯណោះវិញ លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឱ្យដឹងថា កម្ពស់ទឹកស្ទឹងសៀមរាបដែលបានហក់ឡើង​ខ្លាំងកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ បានស្រកមកវិញហើយ។ ដោយឡែកកម្ពស់ទឹកស្ទឹងជីក្រែកវិញ នៅតែបន្តហក់ឡើងខ្លាំង រហូតលើសកម្រិតប្រកាសអាសន្ន។​

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ព្យុះឈ្មោះ ស៊ូរីយ្គាអេ អាចនឹងបន្តមានឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់​បន្តទៀតរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា