បុរសដែលប្រើអំពើហិង្សាលើកុមារនៅកណ្តាលវាលស្រែ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បុរសដែលប្រើអំពើហិង្សាលើកុមារនៅកណ្តាលវាលស្រែ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​

បុរសដែលប្រើអំពើហិង្សាលើកុមារនៅកណ្តាលវាលស្រែ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​

ជនសង្ស័យជាឪពុកចុងដែលបានប្រើអំពើហិង្សា​លើកុមារជាកូនចុងនៅកណ្តាលវាលស្រែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។  លោកឧត្ដមសេនីយ៍​ត្រី​ ប៉ុល​ វុទ្ធី​ ស្នងការ​រងខេត្ត​កំពង់​ឆ្នាំង​ទទួល​បន្ទុក​ការងារ​ព្រហ្មទណ្ឌ​ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា​ ពេលនេះសមត្ថកិច្ចកំពុងតែសាកសួរ ដើម្បីបន្តចាត់វិធានការតាមនិតិវិធី​ច្បាប់​។
 
ចំណាត់ការនេះធ្វើឡើងក្រោយពីវីដេអូនៃអំពើហិង្សានេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ហេតុការណ៍នេះបានកើតឡើងនភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
 
លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានបញ្ជាក់ថា ករណីវាយដំលើកុមារនេះ គឺបណ្តាលមកពីបុរសជាឪពុកចុង បានប្រើកុមារឱ្យទៅឃ្វាលគោ ប៉ុន្តែកុមារមិនព្រមទៅទេ បែរជាចងគោទុកចោល ដោយមិនឱ្យគោស៊ីចំណីឆ្អែត។ បន្ទាប់មក កុមារបានទៅជីកជន្លេន ដែលជាហេតុធ្វើឱ្យបុរសជាឪពុកចុងរូបនេះខឹងសម្បារ និងបានវាយលើកុមារនោះឥតត្រាប្រណីតែម្តង។
 
បើតាមលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ចំពោះស្ថានភាពកុមារដែលរងអំពើហិង្សាពីឪពុកចុង មកដល់ពេលនេះ កុមារមិនទាន់មានអាការធ្ងន់ធ្ងរនៅឡើយទេ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ ដើម្បីពិនិត្យ និងវាយតម្លៃពីស្ថានភាពរបួសរបស់កុមារ។
 
លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព បានអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះករណីនេះ។​ ជាមួយគ្នានេះ លោកបានណែនាំដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ ឱ្យជៀសវាងការប្រើអំពើហិង្សា ឬការវាយដំដែលបង្កឱ្យកុមាររងរបួស ក្នុងពេលអប់រំ ឬប្រដៅកូន។ លោកស្នើឱ្យឪពុកម្តាយប្រើវិធីសាស្ត្រអប់រំផ្សេងៗដែលមិនប្រើអំពើហិង្សា៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា