កំណើនទ្រព្យសកម្មវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជាកើនដល់ជាង ៩ពាន់លានដុល្លារ   | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណើនទ្រព្យសកម្មវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជាកើនដល់ជាង ៩ពាន់លានដុល្លារ  

កំណើនទ្រព្យសកម្មវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជាកើនដល់ជាង ៩ពាន់លានដុល្លារ  

វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានរីកចម្រើនយ៉ាងឆាប់រហ័ស និងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ ខណៈទ្រព្យសកម្មសរុបរបស់វិស័យនេះ បានកើនឡើងពីប្រមាណជាង ៣ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជាង ៩ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងប្រមាណជាង ១៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកកំណើនទ្រព្យសកម្មសរុបដ៏សម្បើមនេះថា បានឆ្លុះបញ្ចាំងពីការគាំទ្រសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិជារួម។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ដូច្នេះ នៅក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី ១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ ២០២៦» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កំណើននេះមិនត្រឹមតែឆ្លុះបញ្ចាំងតាមរយៈទំហំវិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតគុណប្រយោជន៍ និងគុណតម្លៃដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ថា វិស័យនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារ និងការអភិវឌ្ឍមូលធនមនុស្ស ដោយចំនួនការងារបានកើនទ្វេដង ពីប្រមាណ ៨ ពាន់នាក់ ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណ ១៦ពាន់នាក់ ក្នុងឆ្នាំ ២០២៥។

ការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍទីផ្សារការងារផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផងដែរ។ បន្ថែមពីលើនេះ វិស័យហិរញ្ញវត្ថុមិនមែនធនាគារបានពង្រីកលទ្ធភាពទទួលបានសេវា និងរួមចំណែកកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈប្រព័ន្ធសន្តិសុខសង្គម ផលិតផលធានារ៉ាប់រង និងការបង្កើតឱកាសវិនិយោគ។

សម្រាប់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ការបន្តពង្រឹង និងពង្រីកវិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យហិរញ្ញវត្ថុមិនមែនធនាគារ គឺជាគ្រឹះដ៏សំខាន់ និងរឹងមាំ ដើម្បីធានាថាកំណើនសេដ្ឋកិច្ចត្រូវបានគាំទ្រដោយប្រព័ន្ធហិរញ្ញវត្ថុដែលមានស្ថិរភាព សុវត្ថិភាព ភាពធន់ និងអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅនឹងវិបត្តិ និងការវិវត្តយ៉ាងឆាប់រហ័សនៃសភាពការណ៍ក្នុងតំបន់ និងលើសកលលោក។

វិស័យមូលបត្រ ដែលជាផ្នែកមួយនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក៏ជាប្រភពហិរញ្ញប្បទានដ៏សំខាន់ និងជាច្រកដ៏ចាំបាច់ក្នុងការរុញចរន្តសាច់ប្រាក់ចូលក្នុងសេដ្ឋកិច្ចជាតិ សំដៅចូលរួមចំណែកគាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការបង្កើតឱកាសការងារកាន់តែច្រើន៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា