កម្ពុជាទទួលការកោតសរសើរពីអន្តរជាតិ ចំពោះការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទទួលការកោតសរសើរពីអន្តរជាតិ ចំពោះការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ

កម្ពុជាទទួលការកោតសរសើរពីអន្តរជាតិ ចំពោះការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ

កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ ទទួលបានការកោតសរសើរនៅក្នុងកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC70) នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី។ វឌ្ឍនភាពនេះត្រូវបានលើកបង្ហាញក្នុងបទអន្តរាគមន៍របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

តាមរយៈបទអន្តរាគមន៍ លោកជំទាវបានជម្រាបជូនអង្គប្រជុំអំពីវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីការបង្កើតតំបន់គ្រប់គ្រង និងការពារផ្សោតទន្លេមេគង្គនៅឆ្នាំ២០១២ ការពង្រឹងការការពារផ្សោតតាមរយៈច្បាប់ស្តីពីជលផលថ្មីឆ្នាំ២០២៥ រហូតដល់ការចុះបញ្ជីផ្ទៃដីសរុប ៣២ ៨៣៩ ហិកតា ជាដីរដ្ឋសម្រាប់ការអភិរក្សផ្សោត។

ជាមួយគ្នានេះ ឆ្មាំទន្លេចំនួន ៧២នាក់ កំពុងបំពេញភារកិច្ចការពារផ្សោតជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង​ ជារៀងរាល់ថ្ងៃ នៅខេត្តក្រចេះ និងស្ទឹងត្រែង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវលទ្ធផលគួរឱ្យលើកទឹកចិត្ត ដោយឆ្នាំ២០២៥ ជាឆ្នាំដំបូងដែលកម្ពុជាគ្មានករណីផ្សោតទន្លេមេគង្គស្លាប់ ចាប់តាំងពីការតាមដាននៅឆ្នាំ២០០២។

ទន្ទឹមនឹងនេះ ចំនួនផ្សោតបានកើនពី ១០៤ក្បាល នៅចុងឆ្នាំ២០២៤ ដល់ ១១៦ក្បាលនាពេលបច្ចុប្បន្ន ខណៈ ដ្រូន កាមេរ៉ាស្វ័យប្រវត្តិ ការតាមដានសំឡេងក្រោមទឹក និង eDNA ក៏កំពុងនាំមកប្រើប្រាស់ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារអភិរក្សផ្សោតទន្លេមេគង្គ។

ទោះបីមានវឌ្ឍនភាពជាវិជ្ជមានក៏ដោយ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការជាប់មង និងកត្តាគំរាមកំហែងផ្សេងទៀត នៅតែជាបញ្ហាប្រឈមសម្រាប់ផ្សោតទន្លេមេគង្គ។ លោកជំទាវ អ៊ឹម រចនា បានស្វាគមន៍ចំពោះការចូលរួមរបស់គណៈកម្មការ IWC អ្នកវិទ្យាសាស្ត្រ ដៃគូអភិរក្ស និងដៃគូអភិវឌ្ឍន៍ នៅក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាការពារ «រតនសម្បត្តិមានជីវិតរបស់ជាតិ» ឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា