មន្ទីរពេទ្យកាល់ម៉ែត ចាប់គម្រោងផ្សាំសរីរាង្គផ្នែកតម្រងនោមលើកទី១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរពេទ្យកាល់ម៉ែត ចាប់គម្រោងផ្សាំសរីរាង្គផ្នែកតម្រងនោមលើកទី១

មន្ទីរពេទ្យកាល់ម៉ែត ចាប់គម្រោងផ្សាំសរីរាង្គផ្នែកតម្រងនោមលើកទី១

មន្ទីរពេទ្យកាល់ម៉ែត កំពុងបោះជំហានថ្មីមួយទៀតក្នុងវិស័យវេជ្ជសាស្ត្រកម្ពុជា តាមរយៈការអនុវត្តគម្រោងវះកាត់ផ្សាំតម្រងនោមលើកទី១។ គម្រោងនេះ គឺជាលទ្ធផលនៃកិច្ចសហការរវាងកម្ពុជា និងប្រទេសបារាំង ដែលបានគាំទ្រផ្នែកបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ។

មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយមន្ទីរពេទ្យ Hospices Civils de Lyon នៃប្រទេសបារាំង រៀបចំបើកសិក្ខាសាលាអន្តរជាតិស្តីពី “គម្រោងវះកាត់ផ្សាំសរីរាង្គ(ផ្សាំតម្រងនោម)នៅមន្ទីរពេទ្យកាល់ម៉ែត” តាមរយៈការគាំទ្រដ៏រឹងមាំពីក្រសួងសុខាភិបាល និងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា។ សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាសណ្ឋាគារសុខា រាជធានីភ្នំពេញ ។

ឯកឧត្តម សាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា គម្រោងផ្សាំសរីរាង្គនេះត្រូវបានផ្តួចផ្តើមឡើងរវាងភាគីទីក្រុងលីយ៉ុងនៃប្រទេសបារាំង និងក្រសួងសុខាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤មក ដោយបានកំណត់យកមន្ទីរពេទ្យកាល់ម៉ែត ជាទីតាំងចាប់ផ្តើម (Pilot)។ ពេលនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នៅបំពេញតួនាទីជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ។ ភាគីទាំងពីរបានបន្តសហការគា្ន និងពិភាក្សាជាបន្តបន្ទាប់ ដើម្បីជម្រុញការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមមានឧបករណ៍ សម្ភារៈវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែកមន្ទីរពិសោធន៍ និងលិខិតបទដ្ឋានគតិយុត្តិនានា ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល តាមរយៈគំនិតផ្តួចផ្តើម និងការគាំទ្រយ៉ាងខ្លាំងក្លាពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែតបានអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រដ៏ទំនើបជាបន្តបន្ទាប់ ជាពិសេសធនធានមនុស្សផ្នែកវេជ្ជបណ្ឌិតឯកទេស និងផ្នែកមន្ទីរពិសោធន៍។ ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយមន្ទីរពេទ្យ Hospices Civils de Lyon បានបញ្ជូនក្រុមការងារជំនាញចំនួន ០៥រូបទៅទទួលការបណ្តុះបណ្តាលរយៈពេល០៣ខែ នៅទីក្រុង Lyon ប្រទេសបារាំង ក្រោមគម្រោងវះកាត់ផ្សាំតម្រងនោម។

ឯកឧត្តមអគ្គនាយកបានបន្ថែមថា ការសម្រេចអនុវត្តគម្រោងផ្សាំសរីរាង្គផ្នែកតម្រងនោម លើកទី១ របស់មន្ទីរពេទ្យកាល់ម៉ែត សបញ្ជាក់ឱ្យឃើញពីស្មារតីរួបរួម ឆន្ទៈមោះមុត និងការខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួនរបស់រៀមច្បង និងអ្នកបន្តវេនក្នុងរយៈពេលជាងមួយទសវត្សរ៍ទាំងភាគីបារាំង និងកម្ពុជា។

ឯកឧត្តម សាស្ត្រាចារ្យប្រធានមន្ទីរពេទ្យកាល់ម៉ែតសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីគម្រោងនេះអនុវត្តបានជោគជ័យ ភាគីបារាំងជាដៃគូនឹងនៅតែបន្តការជួយគាំទ្រ និងសហការក្នុងការបណ្តុះបណ្តាលលើផ្នែកផ្សាំតម្រងនោម និងផ្នែកផ្សេងៗទៀត ព្រមទាំងជួយលើកិច្ចការស្រាវជ្រាវនានានៅមន្ទីរពេទ្យកាល់ម៉ែត បន្ថែមទៀតនាពេលអនាគត។

ចំណែកឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា បានចាត់ទុកព្រឹត្តិការណ៍នាពេលនេះជាសមិទ្ធផលបន្ថែម ដែលបានបង្កើនបច្ចេកវិទ្យាថ្មីៗរបស់ពិភពលោក សម្រាប់ប្រទេសកម្ពុជា ក្នុងការព្យាបាល និងវះកាត់ផ្សាំសរីរាង្គតម្រងនោម។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីបារាំងជាដៃគូ ដែលបានជួយបណ្តុះបណ្តាល និងផ្តល់ជំនួយម៉ាស៊ីន Laser Lumenis ចំនួន១គ្រឿង ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងសម្ភារៈ និងប្រតិករសម្រាប់ប្រើប្រាស់ក្នុងការវះកាត់ផ្សាំសរីរាង្គ។

ឯកឧត្តមបន្តថា សិក្ខាសាលានាថ្ងៃនេះ ក៏ជាការបើគេហទំព័រថ្មី និងជាចំណុចផ្តើមដ៏រឹងមាំក្នុងការវះកាត់ផ្សាំប្រព័ន្ធសិរីរាង្គ តម្រង់នោម នៅក្នុងប្រទេសកម្ពុជា។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល តាមរយៈមន្ទីរពេទ្យកាល់ម៉ែត ជាមួយបេសសកម្មបណ្តុះបណ្តាលធនធាមនុស្ស ដើម្បីធ្វើនវានុវត្តន៍លើបច្ចេកទេសវិទ្យាសាស្ត្រថ្មី ដែលអាចជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា