ពលរដ្ឋ ១១ភូមិនៅស្រុកបរិបូណ៌ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី យកទៅប្រើប្រាស់បង្កើនជីវភាពគ្រួសារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋ ១១ភូមិនៅស្រុកបរិបូណ៌ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី យកទៅប្រើប្រាស់បង្កើនជីវភាពគ្រួសារ

ពលរដ្ឋ ១១ភូមិនៅស្រុកបរិបូណ៌ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី យកទៅប្រើប្រាស់បង្កើនជីវភាពគ្រួសារ

រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង  និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីយកទៅប្រើប្រាស់សម្រាប់លើកស្ទួយជីវភាពគ្រួសារ។

សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានចាត់ទុកការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាការរួមចំណែកកាត់បន្ថយទំនាស់ ធានាសុវត្ថិភាពដី និងជាមូលធនសម្រាប់ពលរដ្ឋយកទៅប្រើប្រាស់ ដើម្បីបង្កើនជីវភាពគ្រួសារ ។

សម្តេចមហាមន្ត្រីបានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ ៦០៨គ្រួសារ  ស្មើនឹង ១៤ ២៤០ប័ណ្ណ ស្ថិតក្នុងឃុំចំនួន៤ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។

ក្នុងឱកាសនេះ សម្ដេចមហាមន្ត្រីបានអបអរសាទរ និងកោតសរសើរយ៉ាងស្មោះចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លីទាំងអស់ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាប្រតិបត្តិករផ្ទាល់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសនៅក្នុងស្រុកបរិបូណ៌នេះ ។

ជាមួយគ្នានេះដែរ សម្ដេចមហាមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមផ្តល់កិច្ចសហការ និងគាំទ្រយ៉ាងពេញទំហឹងជាមួយក្រុមការងារបច្ចេកទេស ធ្វើឱ្យដំណើរការវាស់វែង និងចុះបញ្ជីដីធ្លី ទទួលបានជោគជ័យ ។ សមិទ្ធផលទាំងនេះ គឺជាផ្លែផ្កា និងជាលទ្ធផលដ៏ធំធេងប្រកបដោយអត្ថន័យ និងតម្លៃឥតគណនា សម្រាប់បងប្អូនប្រជាពលរដ្ឋ ។

សម្ដេចមហាមន្ត្រី បានគូសបញ្ជាក់ថា ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយនិងកាត់បន្ថយទំនាស់ដីធ្លី។ លើសពីនេះ វាក៏ជួយធានាសុវត្ថិភាព និងក្លាយជាមូលធនដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋក្នុងការយកទៅប្រើប្រាស់ដើម្បីបង្កើនជីវភាពគ្រួសារ ស្របតាមគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាល ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋទាំងជាង ៦ ពាន់គ្រួសារ ដែលទទួលបានប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ គឺមកពី១១ភូមិ នៃឃុំ​ខុនរ៉ង ឃុំចក ឃុំផ្សារ និងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ហើយនេះ គឺជាស្រុកទី១ ក្នុងខេត្តកំពង់ឆ្នាំង ដែលបានបញ្ចប់ការចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា