គម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម”ចាប់ផ្តើមអនុវត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម”ចាប់ផ្តើមអនុវត្ត

គម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម”ចាប់ផ្តើមអនុវត្ត

រដ្ឋបាលរាជធានីភ្នំពេញបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាមនៅខណ្ឌដង្កោ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។

យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈគម្រោងនេះ នឹងមានការសាងសង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ក្នុងបរិវេណ “សាលាមិត្តភាពកម្ពុជា-វៀតណាម” នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងនោះ មានការសាងសង់បន្ទប់សិក្សាថ្មីចំនួន៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ និងបន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាបឋមសិក្សា ព្រមទាំងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ និងបន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាអនុវិទ្យាល័យ។

ក្រៅពីនេះ នឹងមានការជួសជុលបន្ទប់រៀនមានស្រាប់ចំនួន ១៥បន្ទប់នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ០១ និងអគាររដ្ឋបាលរួមចំនួន ០១ ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥ ៥០០នាក់។

យោងតាមមេបញ្ជាការយោធាទីក្រុងហូជីមិញ ដែលដកស្រង់សម្តីដោយលោកស្រី ដោ សម្ផស្ស គម្រោងនេះនឹងប្រើប្រាស់ថវិកាសរុបចំនួន ៨លានដុល្លាអាមេរិច និងមានរយៈពេលសាងសង់ប្រមាណ១ឆ្នាំ ដែលបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញជាអ្នកទទួលបន្ទុកសាងសង់។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារចាំបាច់មួយចំនួនរួលរាល់ហើយ ដូចជាការរុះរើអគារចាស់ ការរៀបចំការដ្ឋាន ការតប្រព័ន្ធទឹក ភ្លើង និងកិច្ចការសំខាន់ៗមួយចំនួនទៀតរួចរាល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការនៃអនុវត្តគម្រោងសាងសង់នេះ ហើយសាលារាជធានីត្រៀមលក្ខណៈជាស្រេចសម្រាប់ជួយជំរុញឱ្យដំណើរការនៃការអនុវត្តគម្រោងអាចប្រព្រឹត្តទៅដោយរលូន។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

សូមរំលឹកថា គម្រោងសាងសង់អគារសិក្សានេះត្រូវបានចុះបឋមសិលាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីដើមឆ្នាំ២០២៦ កន្លងទៅ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា