អាជ្ញាធរឆ្លើយតបការរិះគន់ជុំវិញករណីចោទប្រកាន់លើអ្នកធ្វើដងកាំបិត ពូថៅនៅសៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរឆ្លើយតបការរិះគន់ជុំវិញករណីចោទប្រកាន់លើអ្នកធ្វើដងកាំបិត ពូថៅនៅសៀមរាប

អាជ្ញាធរឆ្លើយតបការរិះគន់ជុំវិញករណីចោទប្រកាន់លើអ្នកធ្វើដងកាំបិត ពូថៅនៅសៀមរាប

ដំណើរការនីតិវិធីច្បាប់ប្រឆាំងនឹងអ្នកផលិតដងកាំបិតពូថៅម្នាក់នៅខេត្តសៀមរាប បានបង្កឲ្យមានមតិចម្រូង​ចម្រាស​នៅ​ក្នុង​ស្រទាប់មហាជន ដែលភាគច្រើនយល់ថា ការចោទប្រកាន់លើបុរសម្នាក់នោះថាបានបំផ្លេចបំផ្លាញធនធានធម្មជាតិ គឺមិនសមស្របទេ បើធៀបនឹងការបង្កវិនាសកម្មព្រៃឈើដោយឈ្មួញធំៗ។
 
ចំពោះមុខការរិះគន់នានា រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីបំភ្លឺមួយចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា បុគ្គលឈ្មោះ សុខ សិដ្ឋ បានបង្កើតមូលដ្ឋានកែច្នៃផល និងអនុផលព្រៃឈើ ដោយសមត្ថកិច្ចប្រមូលបានវត្ថុតាងជាច្រើន នៅពេលចុះល្បាតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ នៅស្រុកជីក្រែង។
 
វត្ថុតាងទាំងនោះរួមមាន ម៉ាស៊ីនជ្រៀកឈើចំនួន១គ្រឿង ដងស្នួរចំនួន១ ដងចបជាង ២០៥ដើម ដងពូថៅជិត ៩៨ដើម ឈើប្រភេទក្រឡាញ់ប្រវែង ១ម៉ែត្រចំនួន ៨កំណាត់ និងជំនៀឈើក្រឡាញ់ប្រវែង ១ម៉ែត្រចំនួន ២៣កំណាត់។
 
តាមរដ្ឋបាលខេត្តសៀមរាប សកម្មភាពនេះជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងមាត្រា ៨៥០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ពាក់ព័ន្ធការបង្កើតមូលដ្ឋានកែច្នៃផល និងអនុផលព្រៃឈើ រុក្ខជាតិ និងធនធានធម្មជាតិគ្រប់ប្រភេទក្នុងតំបន់ស្នូល និងតំបន់អភិរក្ស។

ជុំវិញការករណីនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានពន្យល់ថា សមត្ថកិច្ចមានកាតព្វកិច្ចអនុវត្តច្បាប់លើបុគ្គលគ្រប់រូប ដែលប្រព្រឹត្តល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដោយគ្មានការលើកលែងរវាងអ្នកតូចតាច ឬអ្នកមានបុណ្យស័ក្តនោះទេ។ ឯកឧត្តមបន្ថែមថា បើមានបទល្មើសកើតឡើង ស្ថាប័នមានសមត្ថកិច្ចមានតួនាទីចាត់វិធានការស៊ើបអង្កេត និងអនុវត្តច្បាប់ដោយមិនរើសអើងឡើយ។
 
ចំពោះការប្រើប្រាស់ឈើដើម្បីធ្វើសិប្បកម្ម ឬសាងសង់លំនៅឋាន គឺអាស្រ័យលើប្រភពដើមនៃឈើ ថាស្របច្បាប់ ឬខុសច្បាប់។ ប៉ុន្តែការកាប់ឈើចេញពីតំបន់ការពារធម្មជាតិជារឿងល្មើសច្បាប់។ អ្នកប្រព្រឹត្តត្រូវប្រឈមមុខនឹងទោសទណ្ឌធ្ងន់ធ្ងរ ទាំងការដាក់ពន្ធនាគារ និងការពិន័យជាប្រាក់។ នេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន។
 
ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ប្រជាពលរដ្ឋគ្រប់រូបគួរគាំទ្រចំណាត់ការរបស់សមត្ថកិច្ចលើអ្នកធ្វើដងធ្នូ ដងចប និងដងពូថៅ ដើម្បីថែរក្សាព្រៃឈើ។ លោកទាញការចាប់អារម្មណ៍ថា ភស្តុតាងដែលដកហូតបានឃើញថាតិច ចុះបើឧបមាថា បើបុរសនោះកែច្នៃឈើធ្វើដងធ្នូ ១៧លាន ដងចប ១៧លាន និងដងពូថៅ ១៧លាន តើត្រូវកាប់ឈើអស់ប៉ុន្មានលានដើម? គឺពិតជាមិនតិចឡើយ។
 
លោក ម៉ា ចិត្រា អ្នកធ្វើការងារផ្នែកបរិស្ថាន និងធនធានធម្មជាតិមួយរូបនៅកម្ពុជា ក៏គាំទ្រចំពោះការអនុវត្តច្បាប់ទៅលើអ្នកបំផ្លិតបំផ្លាញព្រៃឈើ និងធនធានធម្មជាតិផងដែរ។ ប៉ុន្តែលោកយល់ថា ករណីអ្នកធ្វើដងធ្នូ ដងចប និងដងពូថៅ នៅស្រុកជីក្រែង ខេត្តសៀមរាបនេះ មិនអាចបំផ្លិតបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ ដូចអ្នកកាប់ឈើតាមឡាន តាមគោយន្តនោះឡើយ។
 
យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ រាល់សកម្មភាពកាប់ឆ្ការព្រៃឈើ បំផ្លាញរុក្ខជាតិ កាប់បំផ្លាញប្រភេទឈើហាមឃាត់ ឬការកែច្នៃឈើខុសច្បាប់ក្នុងតំបន់ការពារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងរងការពិន័យជាប្រាក់ចាប់ពី ១០០លានរៀលទៅ ៥០០ លានរៀល៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា