ក្រសួងទេសចរណ៍ប្រកាសបើកបេះដូងទទួលយកការរិះគន់បែបស្ថាបនា ដើម្បីស្តារវិស័យទេសចរណ៍​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងទេសចរណ៍ប្រកាសបើកបេះដូងទទួលយកការរិះគន់បែបស្ថាបនា ដើម្បីស្តារវិស័យទេសចរណ៍​

ក្រសួងទេសចរណ៍ប្រកាសបើកបេះដូងទទួលយកការរិះគន់បែបស្ថាបនា ដើម្បីស្តារវិស័យទេសចរណ៍​

ក្រសួងទេសចរណ៍បានទទួលស្គាល់ថា វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងបញ្ហាមួយចំនួន ជាពិសេសការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រូវបានលើកឡើង និងពិភាក្សាយ៉ាងទូលំទូលាយតាមបណ្តាញសង្គមនាពេលថ្មីៗនេះ។ ក្រសួងបញ្ជាក់ថា ការថយចុះនៃចំនួនភ្ញៀវអន្តរជាតិ បានបង្កការលំបាកដល់ប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យទេសចរណ៍ផងដែរ។

ចំពោះមុខបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងនោះរួមមានកម្មវិធីជំរុញការស្ដារឡើងវិញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ និងការលើកទឹកចិត្តផ្នែកពន្ធមួយចំនួន។
 
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យ​ទេសចរណ៍ទាំងមូល បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រគន្លឹះចំនួន៦ និងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ដើម្បីជំរុញចរន្តទេសចរណ៍ក្នុងស្រុក និងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ។
 
ក្នុងន័យនេះ ក្រសួងទេសចរណ៍សន្យាប្រកាន់ខ្ជាប់នូវគោលការណ៍ផ្ដល់កិច្ចសហការល្អ សម្របសម្រួល និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលដៅរួម ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។​ ជាមួយគ្នានេះដែរ ក្រសួងនឹងបន្តផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពវិស័យទេសចរណ៍ វិធានការដែលបានអនុវត្ត និងលទ្ធផលការងារដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីឱ្យសាធារណជនមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការវាយតម្លៃ។

ទោះបីយ៉ាងណា ក្រសួងទេសចរណ៍បន្តបើកចំហទទួលយកមតិយោបល់ និងសំណូមពរពីអ្នកជំនាញ ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាព័ត៌មាន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយចាត់ទុកការលើកឡើងពីបញ្ហាជាក់ស្តែង គឺជាធាតុចូលដ៏មានតម្លៃ និងជាឱកាសសម្រាប់រួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្មារតី «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»៕

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា