ប្រជាពលរដ្ឋសម្រុកជិះរថយន្តក្រុងមិនគិតថ្លៃ ដើម្បីទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាពលរដ្ឋសម្រុកជិះរថយន្តក្រុងមិនគិតថ្លៃ ដើម្បីទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋសម្រុកជិះរថយន្តក្រុងមិនគិតថ្លៃ ដើម្បីទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី ដែលធ្វើការនៅរាជធានីភ្នំពេញ បាននាំគ្នាធ្វើដំណើរទៅស្រុកកំណើតតាមរយៈសេវារថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ពួកគាត់បានបង្ហាញក្តីរីករាយក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះ ដែលជួយកាត់បន្ថយការចំណាយ និងផ្តល់ការធ្វើដំណើរដោយផាសុកភាព។

នៅព្រឹកថ្ងៃទី៩ ខែតុលា ដែលជាថ្ងៃដំបូងនៃការផ្តល់សេវាដឹកជញ្ជូនដោយមិនគិតថ្លៃ ឯកឧត្តម​ ឃួង​ ស្រេង អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម​ ហេង​ សួរ​ រដ្ឋមន្រ្តីក្រសួងការងារ​ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានអញ្ជើញ​ចូលរួមជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលមកឡើងជិះរថយន្តក្រុងនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយក្រសួងការងារ ដើម្បីរៀបចំសេវាដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលកំពុងធ្វើការ និងប្រកបមុខរបរនៅរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តទាំង២៤ ដោយមិនគិតថ្លៃ ក្នុងគោលបំណងជួយសម្រួលការធ្វើដំណើរ និងឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តមបានបន្ថែមថា ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿងដើម្បីបម្រើសេវាប្រជាពលរដ្ឋ។ ឆ្នាំនេះ ឯកឧត្តមសង្កេតឃើញថា បងប្អូនពលករ និងប្រជាពលរដ្ឋ ដែលមកធ្វើកិច្ចការងារ ប្រកបមុខរបរអាជីវកម្មនៅភ្នំពេញ បាននាំគ្នាមកប្រើប្រាស់សេវានេះកាន់តែច្រើន។ ឯកឧត្តមយល់ថា ការប្រែប្រួលនេះ គឺដោយសារពួកគាត់បានឃើញអំពីអត្ថប្រយោជន៍ ដែលសម្តេចធិបតីបានផ្តល់ជូន ហើយអ្នកបម្រើសេវាដឹកជញ្ជូនទៀតសោធក៏មានភាសាផ្អែមល្ហែម ក្នុងនាមជាជាតិតែមួយក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។

បើតាមឯកឧត្តមអភិបាលរាជធានីភ្នំពេញ ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈនេះអាចជួយឱ្យប្រជាពលរដ្ឋម្នាក់សន្សំប្រាក់បានយ៉ាងហោចណាស់ ១៥ដុល្លារសម្រាប់ការធ្វើដំណើរទៅមួយជើង និង១៥ដុល្លារទៀតសម្រាប់ការធ្វើដំណើរត្រឡប់មកវិញ សរុបយ៉ាងហោចណាស់ ៣០ដុល្លារក្នុងម្នាក់។ ឯកឧត្តមបានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ មានប្រជាពលរដ្ឋប្រមាណ ៥ម៉ឺនទៅ៦ម៉ឺននាក់បានប្រើប្រាស់សេវារថយន្តក្រុងឥតគិតថ្លៃនេះ៕

ដោយ៖ ម៉ាដេប៉ូ និង ហេង សម្បត្តិ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា