អភិបាលខេត្តកំពតបញ្ជាឲ្យបិទទីតាំងអាជីវករមួយចំនួននៅឆ្នេរកោះស្មៅ ដែលបានវាតទីតំបន់ឆ្នេរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលខេត្តកំពតបញ្ជាឲ្យបិទទីតាំងអាជីវករមួយចំនួននៅឆ្នេរកោះស្មៅ ដែលបានវាតទីតំបន់ឆ្នេរ

អភិបាលខេត្តកំពតបញ្ជាឲ្យបិទទីតាំងអាជីវករមួយចំនួននៅឆ្នេរកោះស្មៅ ដែលបានវាតទីតំបន់ឆ្នេរ

រដ្ឋបាលខេត្តកំពតលែងព្រមានហើយ គឺសម្រេចបិទចោលតែម្តងទីតាំងរបស់អាជីវករនៅតំបន់ឆ្នេរកោះស្មៅ ដែលបានវាតទីតំបន់ឆ្នេររហូតបង្កការថ្នាំងថ្នាក់ដល់ភ្ញៀវទេសចរ ហើយទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទៅនៅលើបណ្តាញសង្គម។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចេញបញ្ជាភ្លាមៗ ក្រោយទទួលបានសេចក្តីរាយការណ៍ និងប្រតិកម្មអវិជ្ជមានទាំងនេះ។
 
បើតាមរដ្ឋបាលខេត្តកំពត ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់ប្រជាពលរដ្ឋតាមបណ្តាញសង្គមថា ពួកគាត់បានធ្វើដំណើរមកលេងកម្សាន្តនៅតំបន់ឆ្នេរកោះស្មៅ ខេត្តកំពត ប៉ុន្តែបែរជាជួបប្រទះការខកចិត្ត ក្រោយអាជីវករលក់ដូរនៅទីនោះមិនអនុញ្ញាតឱ្យឈប់រថយន្តនៅទីសាធារណៈ ដើម្បីចុះលេងទឹកសមុទ្រ ដោយសារតែក្រុមអាជីវករឱកាសនិយមទាំងនោះចង់ទុកទីតាំងចតរថយន្តសម្រាប់តែភ្ញៀវរបស់ពួកគេតែប៉ុណ្ណោះ។
 
ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋកើតមានចម្ងល់ និងទាមទារការបកស្រាយថា តើឆ្នេរ និងទីតាំងរៀបចំសួនសាធារណៈនេះ ត្រូវបានលក់ ឬបែងចែកឱ្យអាជីវករ មិនឱ្យមហាជនទូទៅប្រើប្រាស់ឬយ៉ាងណា។ ជាមួយគ្នានេះ ពលរដ្ឋក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលករណីនេះផងដែរ។
 
ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលានេះថា ក្រោយទទួលបានព័ត៌មាន លោកបានរាយការណ៍ជូនអភិបាលខេត្តភ្លាមៗ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានសហការជាមួយអាជ្ញាធរឃុំជុំគ្រៀល ចុះអន្តរាគមន៍ និងអនុវត្តវិធានការបិទទីតាំងនោះតែម្តង។
 
លោកស្នងការបានបញ្ជាក់ថា ឆ្នេរកោះស្មៅគឺជាឆ្នេរសាធារណៈ ដែលរៀបចំឡើងដោយឯកឧត្តម ម៉ៅ ធនិន សម្រាប់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរី។ ជាមួយគ្នានេះ អាជ្ញាធរក៏បានសូមការសុំអភ័យទោសចំពោះផលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា