ក្នុងត្រីមាសទី៣ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគជិត ៥លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្នុងត្រីមាសទី៣ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគជិត ៥លានដុល្លារ

ក្នុងត្រីមាសទី៣ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគជិត ៥លានដុល្លារ

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបជាង ៤លាន ៨សែនដុល្លារអាម៉េរិក ពីសប្បុរសជនសរុបចំនួន ៤៨ ៣៧៦ រូប គិតរួមទាំងការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។  

ស្របពេលជាមួយគ្នានេះ, មន្ទីរពេទ្យគន្ធបុប្ផាបានទទួលពិនិត្យ និងព្យាបាលទារក, កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួនជាង ៤៦ ម៉ឺនករណី ក្នុងនោះមានផ្នែកពិគ្រោះជំងឺក្រៅចំនួន ៣០ម៉ឺនករណី, ទារក និងកុមារមានជំងឺធ្ងន់ដាក់ឱ្យសម្រាកក្នុងមន្ទីរពេទ្យ ចំនួន ៨ ម៉ឺន ៣ពាន់ករណី, និងជំងឺគ្រុនឈាមចំនួនជាង ២ម៉ឺន ៥ពាន់ករណី។

ក្រៅពីនេះ មន្ទីរពេទ្យគន្ធបុប្ផាបានធ្វើការវះកាត់ទូទៅចំនួនជាង ១ម៉ឺនករណី,​ វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងចំនួន ៣១៩ ករណី, តាមដានផ្ទៃពោះចំនួនជាង ៣ម៉ឺន ១ពាន់ករណី និងសម្រាលកូនជាង ៥ ៧០០ នាក់។ ការចំណាយសរុបមានចំនួនប្រមាណជាង ១៣លាន ៥សែនដុល្លារអាម៉េរិក។

មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដែលបានផ្តល់ការគាំទ្រ និងបន្តបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ, ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរអំណោយ, ឧបត្ថម្ភធន, និងវិភាគទានពីប្រភពស្របច្បាប់នានា ក្នុងគោលបំណងរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា