ចម្លាក់បុរាណទេពធីតាកាន់ផ្កាឈូក ដែលទើបរកឃើញនៅសៀមរាប មានតម្លៃខ្លាំងចំពោះប្រវត្តិសាស្ត្រ​ខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចម្លាក់បុរាណទេពធីតាកាន់ផ្កាឈូក ដែលទើបរកឃើញនៅសៀមរាប មានតម្លៃខ្លាំងចំពោះប្រវត្តិសាស្ត្រ​ខ្មែរ

ចម្លាក់បុរាណទេពធីតាកាន់ផ្កាឈូក ដែលទើបរកឃើញនៅសៀមរាប មានតម្លៃខ្លាំងចំពោះប្រវត្តិសាស្ត្រ​ខ្មែរ

រូបចម្លាក់ទេពធីតាមួយអង្គ ដែលមានសភាពបែកបាក់ ត្រូវបានគ្រួសារមួយរកឃើញដោយចៃដន្យនៅខាងក្រោយផ្ទះរបស់ខ្លួន ក្នុង​អំឡុងពេល​​ជីកដីដើម្បីចាក់បំពេញផ្ទះ នៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ រូបចម្លាក់ក្នុងទម្រង់ឈរនេះត្រូវបានជីករកឃើញក្នុងជម្រៅដី​​៣០សង់ទីម៉ែត្រ។

លោក មាស ឫទ្ធីរ៉ាថេត អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា​ ក្រោយចុះពិនិត្យផ្ទាល់ មន្ត្រីជំនាញបានសន្និដ្ឋានជាបឋមថា រូបចម្លាក់នេះ គឺជារូបទេវរូបភេទស្រី ដែលមានដៃកាន់ផ្កាឈូក និងមានលក្ខណៈសិល្បៈក្នុងរចនាបថឃ្លាំង ឬរចនាបថអង្គរ ក្នុងសតវត្សទី១១។ រូបចម្លាក់នេះអាចជារូបព្រះនាងលក្ស្មី ដែលមានកម្ពស់ ៧០សង់ទីម៉ែត្រ។

បើតាម លោក មាស ឫទ្ធីរ៉ាថេត ទីតាំងដែលរកឃើញរូបចម្លាក់នេះ គឺមិន​ជាប់ពាក់ព័ន្ធនឹង​​បុរាណដ្ឋាននោះទេ។ លោកបញ្ជាក់ថា រូបចម្លាក់​ព្រះនាងលក្ស្មីនេះ គឺប្រហែលជាមានការចល័តពីកន្លែងផ្សេង យកមកកប់នៅកន្លែង​នេះ​។

លោកអនុប្រធានការិយាល័យបេតិកភណ្ឌបានលើកឡើងថា ការរកឃើញរូបចម្លាក់បុរាណនេះ មានសារសំខាន់យ៉ាងខ្លាំងចំពោះប្រវត្តិសាស្ត្រខ្មែរ និងជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីការវិវត្តនៃអរិយធម៌ខ្មែរ។

លោកបន្តថា ៖ ការរកឃើញរូបបដិមា គឺមានតម្លៃសំខាន់ណាស់ក្នុងការបំពេញចន្លោះប្រហោង ដើម្បីសិក្សាផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ហើយជាភស្តុតាងមួយបង្ហាញ​វប្បធម៌ដូនតាខ្មែរ។ ការរកឃើញនេះអនុញ្ញាតឱ្យយើងអាចស្វែងយល់បច្ចេកទេសក្នុងការផលិត សិប្បកម្មនៅសម័យអង្គរ ចំណេះវិជ្ជាដែលបង្កប់ក្នុងបដិមា ទ្រង់ទ្រាយ សំលៀកបំពាក់​ដែលប្រើប្រាស់នៅពេលហ្នឹង អលង្ការ ការតុបតែងរបស់នារី ឬស្ត្រីជាន់ខ្ពស់ ជាធម្មតារូបទេពដែលគេឆ្លាក់នៅពេលហ្នឹង គឺយើងយកទម្រង់រូបរាងការស្លៀកពាក់របស់មហសត្រីនៅពេលហ្នឹង។

បច្ចុប្បន្ន រូប​ចម្លាក់ព្រះនាងលក្ស្មី ត្រូវបាន​យកទៅរក្សាទុកនៅនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៅខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ និងជួសជុលឡើងវិញ ​សម្រាប់ចងក្រង និង​​ដាក់តាំងបង្ហាញឱ្យសាធារណជន​នាពេល ខាងមុខ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា