ប្រមុខក្រសួងមហាផ្ទៃ ណែនាំមន្ត្រីអន្តោប្រវេសន៍ឱ្យរក្សាឥរិយាបថទន់ភ្លន់ និងវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើសេវា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខក្រសួងមហាផ្ទៃ ណែនាំមន្ត្រីអន្តោប្រវេសន៍ឱ្យរក្សាឥរិយាបថទន់ភ្លន់ និងវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើសេវា

ប្រមុខក្រសួងមហាផ្ទៃ ណែនាំមន្ត្រីអន្តោប្រវេសន៍ឱ្យរក្សាឥរិយាបថទន់ភ្លន់ និងវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើសេវា


ក្នុងពិធីសម្ពោធអគារស្នាក់នៅថ្មីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស សុខា បានណែនាំដល់មន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវឥរិយាបថទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ។

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមច្រកទ្វារព្រំដែនទាំងអស់ បង្ហាញស្នាមញញឹម មានភាពរួសរាយរាក់ទាក់ និងសម្រួលនីតិវិធីឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមច្បាប់ ដោយហេតុថា មន្ត្រីជួរមុខគឺជាអ្នកតំណាងឱ្យមុខមាត់ប្រទេសជាតិ ក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ អ្នកវិនិយោគ និងភ្ញៀវទេសចរ។ ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធអគារស្នាក់នៅកម្ពស់៥ជាន់ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ឯកឧត្តមបានគូសបញ្ជាក់ថា ការបង្ហាញស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងការសម្រួលនីតិវិធីប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់ មិនត្រឹមតែជួយបង្កើតបរិយាកាសកក់ក្តៅ និងផ្តល់ចំណាប់អារម្មណ៍ល្អដល់ភ្ញៀវបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការវិនិយោគនៅកម្ពុជាផងដែរ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត អគារស្នាក់នៅដែលមានតម្លៃសាងសង់ជាង១លាន ២៣ម៉ឺនដុល្លារអាម៉េរិកនេះ មានគោលបំណងលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពងាយស្រួលដល់មន្ត្រីនគរបាលដែលត្រូវបំពេញភារកិច្ចឆ្ងាយពីស្រុកកំណើត ដោយផ្តល់កន្លែងស្នាក់នៅសមរម្យ និងបង្កលក្ខណៈងាយស្រួលដល់ការប្រចាំការបំពេញភារកិច្ច ២៤ម៉ោងលើ២៤ម៉ោង។

ឯកឧត្តមក៏បានរំឭកពីប្រវត្តិនៃច្រកទ្វារព្រំដែនបាវិតផងដែរ ដោយលើកឡើងថា កាលពីដើមឡើយ ទីតាំងនេះគ្រាន់តែជាចំណុចឆ្លងកាត់ព្រំដែនតូចមួយ ដែលមានមន្ត្រីការពារព្រំដែន និងនគរបាលទទួលបន្ទុកត្រួតពិនិត្យការចេញចូលក្នុងចំនួនកំណត់ប៉ុណ្ណោះ។ ក្រោយមក នៅពេលប្រទេសជាតិទទួលបានសន្តិភាពពេញលេញ រាជរដ្ឋាភិបាលបានដំឡើងកម្រិតច្រកទ្វារនេះទៅជាច្រកទ្វារព្រំដែនអន្តរជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសវៀតណាម៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា