ក្រសួងបរិស្ថាន និងក្រសួងអប់រំ រួមគ្នាជំរុញការទុកដាក់ និងញែកសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថាន និងក្រសួងអប់រំ រួមគ្នាជំរុញការទុកដាក់ និងញែកសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា

ក្រសួងបរិស្ថាន និងក្រសួងអប់រំ រួមគ្នាជំរុញការទុកដាក់ និងញែកសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា

ក្រសួងបរិស្ថានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ ក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស និងបង្កើតទម្លាប់រស់នៅស្អាត ដោយចាប់ផ្តើមចេញពីសាលារៀន។
 
ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការទុកដាក់ និងញែកសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា» ក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលប្រជុំនៃវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។
 
ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ការចុះអនុស្សរណៈនាពេលនេះមានសារៈសំខាន់ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស និងបង្កើតទម្លាប់រស់នៅស្អាត ដោយចាប់ផ្តើមពីសាលារៀន ដើម្បីរួមចំណែកនាំកម្ពុជាឆ្ពោះទៅរកប្រទេសដែលមានសំណល់សូន្យ (Zero Waste)។  
 
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាសម្រេចបានលទ្ធផលជាបណ្តើរៗ តាមរយៈការអនុវត្តយុទ្ធនាការបរិស្ថាននានា ក្នុងនោះ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានប្រជាពលរដ្ឋជាង១៤លាននាក់បានចូលរួម ដែលធ្វើឱ្យការប្រើប្រាស់ថង់ប្លាស្ទិកធ្លាក់ចុះដល់ ៨៤,៥% នៅឆ្នាំ២០២៤។ ចំណែកយុទ្ធនាការបន្ទាប់ គឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជាង៨លាននាក់ ក្នុងសកម្មភាពសម្អាតនៅតាមមូលដ្ឋាន។
 
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបន្ថែមថា យុទ្ធនាការទាំងនេះកំពុងវិវត្តពីការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែងទៅជាចលនាដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សាលារៀន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសហគមន៍។ ការចូលរួមជាប្រចាំនេះ នឹងជួយបង្កើតទម្លាប់ល្អក្នុងការថែរក្សាអនាម័យ និងបរិស្ថាន។
 
កន្លងមក ក្រសួងបរិស្ថានបានផ្តល់ធុងសំរាមសរុបចំនួនជាង ៤ម៉ឺន ៥ពាន់ធុង ក្នុងនោះជិត ១ម៉ឺន ៧ពាន់ធុង ត្រូវបានផ្តល់ជូនសាលារៀននៅក្នុងខេត្តចំនួន១១។ ដោយឡែក ក្នុងឱកាសចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងបរិស្ថានបានផ្តល់ធុងសំរាមបន្ថែមជាង ១ម៉ឺណន ៧ពាន់ធុងទៀតដល់សាលារៀននៅរាជធានី-ខេត្តចំនួន១៤។
 
ដោយឡែក ឯកឧត្តម ហង់ជួន ណារ៉ុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមចុះ MoU នេះ ដើម្បីជំរុញការកាត់បន្ថយ និងគ្រប់គ្រងសំណល់ប្លាស្ទិកតាមគ្រឹះស្ថានសិក្សា ដោយតម្រូវឱ្យសាលារៀននីមួយៗយកចិត្តទុកដាក់ខ្ពស់លើអនាម័យ និងការញែកសំរាម។
 
ឯកឧត្តមបានណែនាំដល់បុគ្គលិកអប់រំ និងនាយកសាលាទាំងអស់ ឱ្យបញ្ចូលការអប់រំបរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទៅក្នុងសកម្មភាពអប់រំនៅតាមសាលារៀន ព្រមទាំងណែនាំសិស្សានុសិស្សឱ្យចេះទុកដាក់ និងញែកសំណល់ឱ្យបានត្រឹមត្រូវ។
 
លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យគ្រឹះស្ថានសិក្សាចូលរួមក្នុងចលនា «សាលារៀនស្អាត» ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយអនាម័យ សោភ័ណភាព និងភាពបៃតង ព្រមទាំងបណ្តុះស្មារតីទទួលខុសត្រូវក្នុងការការពារបរិស្ថានដល់សិស្សានុសិស្ស៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា