ក្រៅពីប្រយោជន៍សេដ្ឋកិច្ច គម្រោងព្រែកជីកហ្វូណនតេជោនឹងជួយ​លើកកម្ពស់វិស័យកសិកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រៅពីប្រយោជន៍សេដ្ឋកិច្ច គម្រោងព្រែកជីកហ្វូណនតេជោនឹងជួយ​លើកកម្ពស់វិស័យកសិកម្ម

ក្រៅពីប្រយោជន៍សេដ្ឋកិច្ច គម្រោងព្រែកជីកហ្វូណនតេជោនឹងជួយ​លើកកម្ពស់វិស័យកសិកម្ម

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនៅកម្ពុជា ត្រូវបានអភិវឌ្ឍឡើងជាចម្បង ដើម្បីបម្រើដល់ការដឹកជញ្ជូនតាមផ្លូវទឹក។ តាមរយៈការសាងសង់ផ្លូវនាវាចរណ៍តាមព្រែកជីក គម្រោងនេះនឹងបង្កើតផ្លូវដឹកជញ្ជូនតាមទឹកថ្មីមួយ ដែលតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសកម្ពុជាទៅកាន់កំពង់ផែនៅភាគនិរតី ដោយផ្តល់ឱ្យកម្ពុជានូវច្រកចេញទៅសមុទ្រតាមផ្លូវទឹកក្នុងស្រុករបស់ខ្លួន។
 
យោងតាមក្រុមហ៊ុនហ្វូណនតេជោ ទន្ទឹមនឹងការឆ្លើយតបនឹងតម្រូវការដឹកជញ្ជូនតាមផ្លូវទឹក គម្រោងនេះក៏នឹងគិតគូរដល់មុខងារបង្ហូរទឹកជំនន់ និងមុខងារផ្សេងៗទៀត ព្រមទាំងបម្រុងទុកចំណុចតភ្ជាប់សម្រាប់ប្រព័ន្ធធនាសាស្ត្រ ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍ និងការប្រើប្រាស់ធនធានទឹកជាលក្ខណៈចម្រុះ និងគ្រប់ជ្រុងជ្រោយ។
 
ការមានប្រភពទឹកដែលអាចគ្រប់គ្រងបានល្អ អាចជួយគាំទ្រដល់ការស្រោចស្រពដំណាំ ជាពិសេសនៅរដូវប្រាំង កាត់បន្ថយការពឹងផ្អែកលើទឹកភ្លៀង និងជួយបង្កើនលទ្ធភាពដាំដុះរបស់កសិករ។ ជាងនេះទៅទៀត វាអាចជួយកាត់បន្ថយហានិភ័យនៃការខូចខាតដំណាំ ជំរុញការដាំដុះច្រើនរដូវ និងរួមចំណែកដល់ការបង្កើនផលិតភាពកសិកម្ម។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានលើកឡើងថា គម្រោងនេះ​មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូន ការធ្វើនាវា​​ចរណ៍ និងភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់ការគ្រប់គ្រងទឹក បង្កើនផលិតផលកសិកម្ម និងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តទាំង៤ដែលព្រែកជីកឆ្លងកាត់ផងដែរ គឺខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប។​
 
ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹកពីទន្លេទៅសមុទ្ររបស់កម្ពុជា មានប្រវែងសរុបជិត ១៨០គីឡូម៉ែត្រ ដោយចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។
 
ព្រែកជីកនេះ​នឹងជួយឱ្យកម្ពុជាអាចដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅកាន់សមុទ្របានដោយផ្ទាល់ ដោយមិនចាំបាច់ពឹងផ្អែកលើផ្លូវដឹកជញ្ជូនឆ្លងកាត់ប្រទេសជិតខាងទៀតឡើយ។ ការសាងសង់គម្រោងនេះ រួមមាន ការជីកព្រែក ការបូមស្តារផ្លូវទឹក និងការកាត់បន្ថយ​កំណោងផ្លូវទឹក ដើម្បីឱ្យនាវាអាចធ្វើដំណើរបានតាមស្តង់ដារនាវា​ចរណ៍៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា