វេទិកា និងពិព័រណ៍កសិកម្ម «CAFE 26» ចាប់ដំណើរការស្វាគមន៍អ្នកទស្សនារយៈពេល៣ថ្ងៃ នៅកោះពេជ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេទិកា និងពិព័រណ៍កសិកម្ម «CAFE 26» ចាប់ដំណើរការស្វាគមន៍អ្នកទស្សនារយៈពេល៣ថ្ងៃ នៅកោះពេជ្រ

វេទិកា និងពិព័រណ៍កសិកម្ម «CAFE 26» ចាប់ដំណើរការស្វាគមន៍អ្នកទស្សនារយៈពេល៣ថ្ងៃ នៅកោះពេជ្រ

ភ្នំពេញ៖វេទិកា និងពិព័រណ៍កសិកម្មដ៏ធំបំផុតប្រចាំឆ្នាំ ចាប់ផ្ដើមបើកដំណើរការទទួលស្វាគមន៍អ្នកទស្សនារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែតុលាចុងសប្ដាហ៍នេះ ។ វេទិកា និងពិព័រណ៍កសិកម្ម ២០២៦ ឬហៅកាត់ថា CAFE 26 នឹងនាំមកនូវការជួបជុំគ្នារវាងកសិករ អាជីវករ អ្នកវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ អ្នកច្នៃប្រឌិត យុវជន និងដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេស ជួបជជែកពិភាក្សាពីការវិនិយោគ និងភាពជាដៃគូអាជីវកម្ម រហូតដល់បច្ចេកវិទ្យាថ្មីៗ ការច្នៃប្រឌិត និងឱកាសទីផ្សារលើវិស័យកសិកម្ម ។

តាមកម្មវិធីគ្រោងទុកនៅថ្ងៃទី២៣ ខែតុលានេះ CAFÉ 26 នឹងផ្ដោតលើវេទិកាជជែកអំពី “កសិស្បៀងអាហារ” ជាមួយវាគ្មិនល្បីៗ ដើម្បី​ពិនិត្យមើលថា តើកសិផលកម្ពុជា មានស្តង់ដារអនាម័យល្អកម្រិតណា ហើយធ្វើម៉េចទើបអាចពង្រីកខ្លួន កាន់តែធំនៅលើទីផ្សារជាតិ និង​អន្ដរជាតិ។តាមរយៈវេទិកានៅថ្ងៃដំបូងនេះ ក៏មានជជែកលើបញ្ហាគន្លឹះសំខាន់ចំនួន ៣ ផ្សេងទៀតដែរដូចជា ច្បាប់ និងភូតគាម​អនាម័យ​ចំណីអាហារ ជជែកពីប្រធានបទខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រធានបទ និងការផ្ដល់ឥណទានសម្រាប់ដំណើរការច្រវ៉ាក់ផលិតកម្ម ។

ដោយឡែកនៅព្រឹកថ្ងៃទី២៤ គឺជាថ្ងៃប្រកាសបើកវេទិកាថ្នាក់ជាតិ និងអន្ដរជាតិរបស់កម្មវិធី CAFÉ 26 ជាផ្លូវការ ដោយមានការអញ្ជើញ​ចូលរួមជាគណៈអធិបតី វាគ្មិនពិសេស និងចូលរួមទស្សនាពិព័រណ៍កសិកម្មស្បៀងអាហារ ផលិតផលរាប់រយស្ដង់។ នៅថ្ងៃទី២ នៃ​ព្រឹត្តការណ៍​នេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង តំណាងស្ថាប័នពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត នឹងឡើង ថ្លែងពីការអភិវឌ្ឍវិស័យ កសិស្បៀងអាហារ និងផែនការ សកម្មភាពរបស់​ស្ថាប័នរៀងៗខ្លួន ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងស្បៀងអាហារនៅកម្ពុជា ។

ចំណែកថ្ងៃទី២៥ ខែតុលា ដែលជាថ្ងៃទី៣ នៃព្រឹត្ដិការណ៍ CAFÉ 26 ស្ដង់ជាច្រើននៅតែបើកទទួលអ្នកទស្សនា ខណៈមន្ត្រីក្រសួងកសិកម្ម និងអង្គការស្បៀងអាហារ និង កសិកម្ម នៃសហប្រជាជាតិ(FAO) សរុបរបាយការណ៍ លទ្ធផលរបស់ខ្លួន និងបើកពិធីចុះហត្ថលេខាប្រគល់ និងទទួលហិរញ្ញប្បទាន ដើម្បីវិបុលភាពទីជនបទប្រកបដោយបរិយាបន្ន។ កម្មវិធី ក៏នឹងមានប្រគល់ប័ណ្ណសរសើរ ជូនដល់ តំណាង​សហគមន៍កសិកម្ម ជាមួយនឹងឧបករណ៍កសិកម្មទំនើបៗ មានដូចជា៖ ត្រាក់ទ័រ គោយន្ដ ម៉ាស៊ីនច្រូត និងដ្រូន បាញ់ថ្នាំកសិកម្ម ជាដើម ។

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) មានស្ដង់ប្រមាណជា ៤០០ស្តង់ ដែលនឹងដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ដូចជា៖ អង្ករ, ស្វាយចន្ទី, ម្រេច, បន្លែ, ត្រី, ដំឡូងមី, កៅស៊ូ, ឈើ និងស្វាយ ដោយបង្ហាញនូវផលិតផលសម្រេចជាច្រើនប្រភេទចេញពីកសិផលទាំងនេះ ។

គួររំលឹកថា នេះជាលើកទី២ ហើយ ដែលកម្ពុជាតាមរយៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំវេទិកា និងពិព័រណ៍កសិកម្មនេះ​ឡើង។ ដោយឃើញពីវឌ្ឍនភាពនិងបង្កើតឱកាសដ៏ប្រសើរសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម និងស្បៀងអាហារព្រឹត្តការណ៍ CAFÉ ត្រូវបានចាត់ទុកជា “វេទិកា និងពិព័រណ៍” ដ៏ធំនៅកម្ពុជា ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា