កម្ពុជានាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិចំនួន ១៧៧ប្រទេស​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិចំនួន ១៧៧ប្រទេស​

កម្ពុជានាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិចំនួន ១៧៧ប្រទេស​

បច្ចុប្បន្ននេះ ផលិតផលកសិកម្មកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ១៧៧ ជុំវិញពិភពលោក ដែលបង្ហាញពីការពង្រីកទីផ្សារនាំចេញ និងសក្តានុពលកសិកម្មកម្ពុជាលើឆាកអន្តរជាតិ។ ក្នុងឆ្នាំ២០២៥ ការនាំចេញកសិផលសរុបរបស់កម្ពុជាបានកើនឡើងដល់ ១៥លានតោន។

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅសាលពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ថា ការនាំចេញកសិផលក្នុងបរិមាណច្រើនទៅកាន់ទីផ្សារអន្តរជាតិ បង្ហាញពីការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជា ទាំងផ្នែកបរិមាណ គុណភាព និងប្រព័ន្ធគាំទ្រដល់ការនាំចេញ។

លោកបណ្ឌិត កែ មុន្នីវុធ បញ្ជាក់ថា ការអនុលោមតាមលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ មានសារៈសំខាន់ក្នុងការធានាសុវត្ថិភាព និងគុណភាពផលិតផលកសិកម្ម ស្របតាមស្តង់ដារប្រទេសនាំចូល ព្រមជួយសម្រួលដល់ការនាំចេញ និងពង្រីកទីផ្សារកសិផលកម្ពុជាទៅកាន់អន្តរជាតិ។

លោកបណ្ឌិត កែ មុន្នីវុធ បានលើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុនជាង ២ពាន់ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ការអនុវត្តកសិកម្មល្អ ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ស្របតាមស្តង់ដារដែលបានកំណត់។​

លោកបណ្ឌិត បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញការបង្កើតមន្ទីរពិសោធន៍ជាតិកសិកម្ម នៅខេត្តកណ្តាល ដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ។ ដូច្នេះមន្ទីរពិសោធន៍នេះ នឹងរួមចំណែកជួយឱ្យកម្ពុជាមានសមត្ថភាពកាន់តែប្រសើរក្នុងការបញ្ជាក់គុណភាពផលិតផលកសិកម្ម ស្របតាមស្តង់ដារអន្តរជាតិ និងជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

ចំណែកឯកឧត្តម​ ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា ការនាំចេញផលិតផលទៅក្រៅប្រទេសត្រូវគោរពតាមលក្ខខណ្ឌ និងស្តង់ដាររបស់អ្នកទិញ និងអាជ្ញាធរប្រទេសនាំចូល ដើម្បីធានាគុណភាពផលិតផល និងអាចចូលទៅកាន់ទីផ្សារគោលដៅបាន។ ស្តង់ដារទាំងនេះរួមមាន រសជាតិ ទំហំ សមាសធាតុក្នុងផលិតផល និងកម្រិតសំណល់សារធាតុគីមីកសិកម្ម ដែលអាចមាននៅលើផលិតផលសម្រេច។

ឯកឧត្តម​ ចាន់ សុផា បន្តថា ដើម្បីឱ្យផលិតផលមួយអាចនាំចេញទៅលក់នៅក្រៅប្រទេសបាន អ្នកនាំចេញក៏ត្រូវមើលលើអត្តសញ្ញាណ និងឈ្មោះផលិតផលផងដែរ ថាតើវាសមស្របនឹងសីលធម៌ និងវប្បធម៌របស់ប្រទេសដែលនាំចូលដែរឬទេ៕

សៅ សុខអេង​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា