រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសចាត់វិធានការធ្ងន់ធ្ងរតាមច្បាប់ចំពោះមន្ត្រី «ធ្វើស៊ី» ពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសចាត់វិធានការធ្ងន់ធ្ងរតាមច្បាប់ចំពោះមន្ត្រី «ធ្វើស៊ី» ពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសចាត់វិធានការធ្ងន់ធ្ងរតាមច្បាប់ចំពោះមន្ត្រី «ធ្វើស៊ី» ពលរដ្ឋ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះជនស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ ឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច ព្រមទាំងមន្ត្រីដែលប្រើប្រាស់អំណាចខុសច្បាប់ ដើម្បីគំរាមកំហែង ឬទារផលប្រយោជន៍ពីប្រជាពលរដ្ឋ។

តាមរយៈសារបង្ហោះលើបណ្ដាញសង្គម ឯកឧត្តម ស សុខា បានបញ្ជាក់ថា ករណីជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ ឬឯកសណ្ឋានសមត្ថកិច្ច និងការបន្លំខ្លួនទៅឃាត់ខ្លួន ឆែកឆេរ សាកសួរ ឬគំរាមកំហែងប្រជាពលរដ្ឋដោយខុសច្បាប់ ដើម្បីទាញយកផលប្រយោជន៍ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវស៊ើបអង្កេត កំណត់មុខសញ្ញា ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។

ចំពោះមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដែលប្រើប្រាស់តួនាទី ឬអំណាចដោយគ្មានភារកិច្ច ដើម្បីឃាត់ខ្លួន សំឡុត គំរាមកំហែង បង្ខិតបង្ខំ ឬទារផលប្រយោជន៍ពីប្រជាពលរដ្ឋ ជាពិសេសក្នុងទម្រង់«ធ្វើស៊ី»ជាដើមនោះ ឯកឧត្តម ស សុខា ប្រកាសថា មន្ត្រីទាំងនោះនឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ហើយត្រូវកសាងសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់ការបន្តដោយគ្មានការលើកលែង ឬយោគយល់ឡើយ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរាយការណ៍ ឬដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរ និងអង្គភាពនគរបាលដែលនៅជិតបំផុត ប្រសិនបើបានជួបប្រទះ ឬមានព័ត៌មានអំពីជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ឬមន្ត្រីប្រព្រឹត្តខុសច្បាប់។ ក្នុងករណីចាំបាច់ ពលរដ្ឋអាចរាយការណ៍មកតាមប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា