គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ព្រមៗគ្នានៅ១១ទីតាំង នាចុងខែវិច្ឆិកានេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ព្រមៗគ្នានៅ១១ទីតាំង នាចុងខែវិច្ឆិកានេះ

គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ព្រមៗគ្នានៅ១១ទីតាំង នាចុងខែវិច្ឆិកានេះ

គម្រោងព្រែកជីកហ្វូណនតេជោ​ នឹងត្រូវបើកការដ្ឋានសាងសង់​ចំនួន១១ទីតាំងព្រមៗគ្នា នៅចុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ​។ ក្នុងវេទិកាបាឋកថា «ក្តីសុបិន្តហ្វូណន»កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅ ១១ទីតាំងផ្សេងៗគ្នា ដោយក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company)។ ការសាងសង់គ្រោងចំណាយថវិកាសរុប ១ពាន់ ៧រយលានដុល្លារអាមេរិក ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០២៨។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា គោលដៅសំខាន់របស់រាជរដ្ឋាភិបាលក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ គឺផ្តោតលើការដឹកជញ្ជូនតាមផ្លូវទឹក និងការធានាឯករាជ្យភាពក្នុងការដឹកជញ្ជូនរបស់កម្ពុជា ប្រកបដោយនិរន្តរភាព។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងទាំង១១ទីតាំងនេះ គឺស្ថិតនៅក្នុងខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។ ចំពោះប្រវែងជាក់លាក់ ក្រសួងកំពុងរៀបចំតម្រាយថ្មី។ 

ឯកឧត្តម ផន រឹម បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរំពឹងថា នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសកាត់បន្ថយចម្ងាយ ពេលវេលា និងថ្លៃដឹកជញ្ជូនទំនិញ។ ជាមួយគ្នានេះ គម្រោងនេះក៏អាចជួយជំរុញការបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍកំពង់ផែរណបថ្មីៗបន្ថែមទៀត។

គម្រោងនេះក៏អាចជួយបង្កើនសកម្មភាពដឹកជញ្ជូននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ព្រមទាំងជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងវិស័យអចលនទ្រព្យផងដែរ។

ជាងនេះទៅទៀត គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរំពឹងថានឹងជួយពង្រីកតំបន់កសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដោយចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប៕

សៅ​ សុខអេង 

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា