៩ខែឆ្នាំនេះភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តបន្តកើនឡើង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបន្តធ្លាក់ចុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៩ខែឆ្នាំនេះភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តបន្តកើនឡើង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបន្តធ្លាក់ចុះ

៩ខែឆ្នាំនេះភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តបន្តកើនឡើង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបន្តធ្លាក់ចុះ

ក្នុងរយៈពេល ៩ខែឆ្នាំ២០២៦នេះ ចំនួនភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជាសរុបជាង ២៧ លាននាក់ កើន ៤៦,១% ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិវិញមានចំនួន ២លាន ៤សែននាក់ ថយ ៤៣,៧%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។

អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍មានការព្រួយបារម្ភចំពោះការបន្តធ្លាក់ចុះនេះ។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា (PATA Cambodia Chapter) យល់ឃើញថា វិស័យទេសចរណ៍កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលប្រឈមមួយ ដែលទាមទារឱ្យមានការគិតគូរឡើងវិញអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ ការគ្រប់គ្រងគោលដៅ និងការពង្រឹងទំនុកចិត្តពីសហគមន៍អន្តរជាតិ។

លោកបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិមិនត្រឹមតែប៉ះពាល់ដល់សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ និងសេវាកម្មដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការងារ ជីវភាពប្រជាពលរដ្ឋ អាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំងសហគមន៍ដែលពឹងផ្អែកលើចំណូលពីវិស័យទេសចរណ៍ផងដែរ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ក្រសួងទេសចរណ៍រួមជាមួយដៃគូពាក់ព័ន្ធ បាននិងកំពុងធ្វើការជាមួយគ្នា លើការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមានកំណើនឡើងវិញ។

ចំណែកលោក ធួន ស៊ីណាន អ្នកធ្វើការងារវិស័យទេសចរណ៍មួយរូបនៅកម្ពុជា យល់ឃើញថា ឆ្នាំ២០២៧ គួរត្រូវបានកំណត់ជាឆ្នាំអាទិភាពសម្រាប់ការស្តារទំនុកចិត្ត ការបង្កើនការលក់ទេសចរណ៍អន្តរជាតិ និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

ដើម្បីស្តារកេរ្តិ៍ឈ្មោះ និងទំនុកចិត្តលើគោលដៅទេសចរណ៍កម្ពុជា លោកផ្ដល់យោបល់ឲ្យមានការបង្កើតប្រព័ន្ធទីផ្សារទេសចរណ៍ជាតិ បម្លែងភាពល្បីល្បាញលើបណ្តាញសង្គមទៅជាផលិតផលទេសចរណ៍ អភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ក៏ដូចជាបង្កើតយន្តការសហការរដ្ឋ–ឯកជនដែលមានប្រសិទ្ធភាព ព្រមទាំងកែលម្អការតភ្ជាប់ និងបរិយាកាសធ្វើដំណើរជាដើម៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា