ក្រុងកំពង់ឆ្នាំង ក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុងកំពង់ឆ្នាំង ក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី 

ក្រុងកំពង់ឆ្នាំង ក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី 

ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានក្រសួងទេសចរណ៍ប្រកាសទទួលស្គាល់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការទទួលស្គាល់នេះ គឺជាសមិទ្ធផលសំខាន់ដែលបង្ហាញពីកិច្ចសហការរបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ក្នុងការការពារសុខភាពសាធារណៈ កែលម្អបរិស្ថាន និងលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព។

ឯកឧត្តមបានបន្ថែមថា ការកាត់បន្ថយផ្សែងបារី និងការបំពុលបរិស្ថាន ជួយការពារសុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងធ្វើឱ្យទីក្រុងកាន់តែស្អាត និងទាក់ទាញ។

លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រដ្ឋបាលខេត្តបានជំរុញការអប់រំ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ពាក់ព័ន្ធនឹងថ្នាំជក់ ព្រមទាំងដាក់ស្លាក «ហាមជក់បារី» នៅតាមទីសាធារណៈ គ្រឹះស្ថានសិក្សា ភោជនីយដ្ឋាន សណ្ឋាគារ និងតំបន់ទេសចរណ៍ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងបង្កើតបរិស្ថានស្អាត។

គំនិតផ្តួចផ្តើម «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» នៅក្នុងប្រទេសកម្ពុជា គឺជាការប្តេជ្ញាចិត្តថ្នាក់ជាតិដ៏សំខាន់មួយក្នុងការគ្រប់គ្រងថ្នាំជក់។ គម្រោងនេះចាប់ផ្តើម​អនុវត្តនៅឆ្នាំ២០២២ ដឹកនាំដោយក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក ចលនាកម្ពុជាដើម្បីសុខភាព និងសម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនមែនមានន័យថា ជាទីក្រុងដែលហាមឃាត់ការជក់បារីទាំងស្រុងនោះទេ ប៉ុន្តែសំដៅដល់ទីក្រុងទេសចរណ៍ ដែលមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសការមិនអនុញ្ញាតឱ្យជក់បារីនៅតាមទីកន្លែងដែលច្បាប់ហាមឃាត់។

គោលបំណងសំខាន់ គឺដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីផ្សែងបារី លើកកម្ពស់សុខភាព សុខុមាលភាព និងបង្កើតបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព អនាម័យ និងភាពទាក់ទាញ សម្រាប់ប្រជាពលរដ្ឋ អ្នកបម្រើការងារ និងភ្ញៀវទេសចរ។

​អនុក្រឹត្យលេខ៤៣ អនក្រ.បក ស្តីពីវិធានការហាមឃាត់ ឬការបង្ហុយ​ផ្សែងផលិតផល​ថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ បានចែងថា ជនណាដែលជក់បារីនៅកន្លែងហាមឃាត់ ត្រូវពិន័យទឹកប្រាក់ចំនួន​២ម៉ឺនរៀល៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា