កំណាយស្រាវជ្រាវនៅ «ទួលយាយពុត» ខេត្តតាកែវ បង្ហាញភស្តុតាងប្រវត្តិសាស្ត្រសម័យនគរភ្នំ និងចេនឡា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណាយស្រាវជ្រាវនៅ «ទួលយាយពុត» ខេត្តតាកែវ បង្ហាញភស្តុតាងប្រវត្តិសាស្ត្រសម័យនគរភ្នំ និងចេនឡា

កំណាយស្រាវជ្រាវនៅ «ទួលយាយពុត» ខេត្តតាកែវ បង្ហាញភស្តុតាងប្រវត្តិសាស្ត្រសម័យនគរភ្នំ និងចេនឡា

ក្រុមការងារជំនាញនៃក្រសួង​​​វប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញរចនាសម្ព័ន្ធសំណង់ឥដ្ឋបុរាណ ជើងទម្រថ្មភក់ ព្រមទាំងបំណែក​កុលាលភាជន៍ជាច្រើន នៅទីតាំង «ទួលយាយពុត» ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដែលការសន្និដ្ឋានបឋមបញ្ជាក់ថាជាទីតាំងគោរពបូជា​សាសនានាសម័យបុរាណ ស្ថិតក្នុងចន្លោះសតវត្សរ៍ទី ៦ ដល់ទី ៧ នៃគ្រិស្តសករាជ។

ក្រុមការងារជំនាញនៃនាយកដ្ឋានបុរាណវិទ្យា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើកំណាយស្រាវជ្រាវរយៈពេលដប់ថ្ងៃ នៅ​ប្រាសាទ​ភ្នំដា និងទួលយាយពុត ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដោយបានរកឃើញគ្រឹះឥដ្ឋប្រាសាទមុនសម័យអង្គរ។

តាមរយៈបំណែកកុលាលភាជន៍ ទីតាំងទួលយាយពុតត្រូវបានអ្នកជំនាញប៉ាន់ស្មានថា ស្ថិតក្នុងចន្លោះសតវត្សរ៍ទី៦ ដល់ទី៧ ប៉ុន្តែសំណង់​ឥដ្ឋ​នៅ​មិនទាន់អាចកំណត់អាយុកាលច្បាស់លាស់បានទេ ដោយសារមានការបាក់បែក និងមានការរៀបចំខឿនឡើងវិញនៅសម័យ​ក្រោយៗ។​

ក្រុមជំនាញបានសិក្សាប្រៀបធៀបបច្ចេកទេសនិងខ្នាតឥដ្ឋ និងយកសំណាកធ្យូង ឬសារធាតុសរីរាង្គពីស្រទាប់ដីទៅពិសោធ​តាម​វិធីសាស្ត្រ​វិទ្យាសាស្ត្របន្តទៀត។

លោក ឡេង វិទូ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានសន្និដ្ឋានជាបឋមថា «ទួលយាយពុត» គឺជាទីតាំងគោរពបូជា​សាសនា​សម័យបុរាណ ដោយផ្អែកលើសំណង់ឥដ្ឋបុរាណ និងបំណែកជើងទម្រថ្មភក់។ ក្នុងការធ្វើកំណាយនេះ ក្រុមជំនាញបានរកឃើញ​ភស្តុតាងសំខាន់ៗរួមមាន គ្រឹះនិងខឿនសំណង់ឥដ្ឋបច្ចេកទេសបុរាណ បំណែកកុលាលភាជន៍ជាច្រើនដូចជាឆ្នាំង ផើង និងកុណ្ឌី ដែល​សម្គាល់​ពីសម័យនគរភ្នំដល់សម័យចេនឡា ព្រមទាំងសំណល់ឆ្អឹងសត្វសម័យបុរាណ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ចេញវិធានការអភិរក្សទីតាំងកំណាយ តាមរយៈការលុបរណ្តៅការពាររចនាសម្ព័ន្ធឥដ្ឋ​តាម​បច្ចេកទេស ការចុះបញ្ជីនិងកំណត់ព្រំប្រទល់ក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌជាតិ និងការដាក់ស្លាកសញ្ញាព័ត៌មាននៅនឹងកន្លែង។

លោក អេនឌី ប៊្រូវើ អ្នកស្រាវជ្រាវជនជាតិអង់គ្លេស បានលើកឡើងថា អង្គរបុរី ជារាជធានីបុរាណនៃអាណាចក្រហ្វូណន និងជាមជ្ឈ​មណ្ឌល​នយោបាយអរិយធម៌ខ្មែរពីចន្លោះឆ្នាំ ៥០០ មុនគ.ស. ដល់ចុងសតវត្សរ៍ទី ៦ ខណៈភ្នំដាមានប្រាសាទ និងរូងភ្នំប្រវត្តិសាស្ត្រ។ ការរកឃើញ​គ្រឹះឥដ្ឋប្រាសាទមុនសម័យអង្គរនេះ គឺជាលើកទីពីររបស់នាយកដ្ឋានបុរាណវិទ្យាបន្ទាប់ពីរកឃើញនៅទួលអង្គកំណប់ នៅព្រែកព្នៅ រាជធានីភ្នំពេញ។

ស្រុកអង្គរបុរី គឺជាទីតាំងទីក្រុងបុរាណដ៏ធំ និងសំខាន់បំផុតមួយនៃសម័យនគរភ្នំ។ តាមរយៈការចុះស្រាវជ្រាវ ចុះបញ្ជី និងធ្វើផែនទីបុរាណ​វិទ្យា នាយកដ្ឋានបុរាណវិទ្យា បានរកឃើញ និងកត់ត្រាទីតាំងបុរាណវិទ្យាសរុបជាង ៣២ ទីតាំង នៅក្នុងកំពែងក្រុងអង្គរបុរី។ ទីតាំងទាំងអស់​ត្រូវបានចុះបញ្ជីសារពើភណ្ឌ គូសផែនទីកំណត់ទីតាំងច្បាស់លាស់ និងដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ខេត្តតាកែវ ខណៈវត្ថុបុរាណដែលរកឃើញត្រូវបានយកមកចុះបញ្ជី និងសិក្សាវិភាគលម្អិត ដោយមានមន្ត្រីជំនាញ និងឆ្មាំអភិរក្សចុះត្រួតពិនិត្យជាប្រចាំ ដើម្បីបង្ការករណីលួចជីកកកាយខុសច្បាប់៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា