សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកំណែទម្រង់វិស័យអប់រំ និងពង្រឹងគុណភាពសាលារៀនសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកំណែទម្រង់វិស័យអប់រំ និងពង្រឹងគុណភាពសាលារៀនសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកំណែទម្រង់វិស័យអប់រំ និងពង្រឹងគុណភាពសាលារៀនសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យអប់រំ ដោយជំរុញកំណែទម្រង់សាលារៀន កែលម្អគុណភាពបង្រៀននិងរៀន ពង្រឹងសមត្ថភាពគ្រូបង្រៀន និងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។

ក្នុងសារលិខិអបអរការបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថ្ងៃទី១ ខែវិច្ឆិកា ជាថ្ងៃដ៏មានអត្ថន័យសម្រាប់សិស្សានុសិស្សទូទាំងប្រទេស ជាពិសេសកុមារដែលទើបដល់អាយុចូលរៀននៅមត្តេយ្យសិក្សា និងបឋមសិក្សា ព្រមទាំងសិស្សដែលបានឡើងថ្នាក់ថ្មី។ សម្តេចធិបតីបានលើកឡើងថា ឆ្នាំសិក្សាថ្មីនេះគឺជាឱកាសសម្រាប់សិស្សានុសិស្សបន្តស្វែងយល់ កសាងចំណេះដឹង ជំនាញ និងគុណតម្លៃ ដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងចាត់ទុកមនុស្សជាធនធានដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ដូច្នេះ ការអភិវឌ្ឍមូលធនមនុស្សដែលមានចំណេះដឹង ជំនាញ សីលធម៌ វិន័យ សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងសមត្ថភាពសម្របខ្លួនទៅនឹងការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តជំរុញឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព អភិបាលកិច្ចល្អ និងគណនេយ្យភាព ព្រមទាំងពង្រឹងការរៀន និងការបង្រៀន ក៏ដូចជាការអប់រំវិន័យ សីលធម៌ និងឥរិយាបថថ្លៃថ្នូរ ដើម្បីកសាងកុលបុត្រ កុលធីតាខ្មែរ ដែលមានសមត្ថភាព និងទំនួលខុសត្រូវ។

ជាមួយគ្នានេះ សម្តេចធិបតីបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនសម្រាប់វិស័យអប់រំក្នុងឆ្នាំសិក្សាថ្មី ដោយផ្តោតជាអាទិភាពលើការពង្រីកឱកាសទទួលបានការអប់រំ និងការរក្សាសិស្សឱ្យបន្តការសិក្សារហូតដល់មធ្យមសិក្សា តាមរយៈការសាងសង់ និងពង្រីកសាលារៀន កែលម្អបរិយាកាសសិក្សា ព្រមទាំងបំពាក់មន្ទីរពិសោធន៍ បណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេសនៅតំបន់ដែលមិនទាន់មានសេវាអប់រំគ្រប់គ្រាន់។

ទន្ទឹមនឹងនេះ ការកែទម្រង់សាលារៀនគ្រប់ជ្រុងជ្រោយនឹងត្រូវបន្តអនុវត្តចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា ដោយផ្អែកលើស្តង់ដាសាលារៀនគំរូ។ កម្មវិធីអប់រំនឹងផ្តោតលើការរៀនតាមរយៈការលេងសម្រាប់កុមារនៅមត្តេយ្យសិក្សា ការពង្រឹងមូលដ្ឋានអំណាន និងគណិតវិទ្យានៅថ្នាក់ដំបូង ការជួយសិស្សរៀនយឺតនៅបឋមសិក្សា ព្រមទាំងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅមធ្យមសិក្សា។

ម៉្យាងទៀត សម្តេចធិបតីក៏បានជំរុញឱ្យបន្តលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពគរុកោសល្យរបស់គ្រូ តាមរយៈការជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការបង្កើតឱកាសរីកចម្រើនក្នុងអាជីព។ គ្រូបង្រៀនត្រូវទទួលបានការបណ្តុះបណ្តាលបន្ថែមលើភាសាបរទេស បច្ចេកវិទ្យាព័ត៌មាន​ ជំនាញឌីជីថល ការស្រាវជ្រាវ និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរនៃការអប់រំសម័យទំនើប។

ជាចុងក្រោយ សម្តេចធិបតីបានអំពាវនាវដល់សិស្សានុសិស្ស និងយុវជនទាំងអស់ ឱ្យបន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនជាប្រចាំ ទាំងចំណេះដឹង ជំនាញ កាយសម្បទា និងចរិយាសម្បទា។ ជាពិសេស ត្រូវមានវិន័យ ស្រឡាញ់ និងថែរក្សាគ្រួសារ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខ និងអំពើអវិជ្ជមានគ្រប់រូបភាព ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា