ជាមួយបដិមាជាង ១៤ ០០០ វត្ថុ៖ សារមន្ទីរជាតិ ជាកន្លែងតាំងបង្ហាញស្នាដៃចម្លាក់បុរាណខ្មែរ និងជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវដ៏សំខាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជាមួយបដិមាជាង ១៤ ០០០ វត្ថុ៖ សារមន្ទីរជាតិ ជាកន្លែងតាំងបង្ហាញស្នាដៃចម្លាក់បុរាណខ្មែរ និងជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវដ៏សំខាន់

ជាមួយបដិមាជាង ១៤ ០០០ វត្ថុ៖ សារមន្ទីរជាតិ ជាកន្លែងតាំងបង្ហាញស្នាដៃចម្លាក់បុរាណខ្មែរ និងជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវដ៏សំខាន់


 សារមន្ទីរជាតិ ដែលមានទីតាំងនៅរាជធានីភ្នំពេញ មិនត្រឹមតែជាកន្លែងរក្សាទុក និងតាំងបង្ហាញបដិមា និងរូបចម្លាក់បុរាណខ្មែរដ៏មានតម្លៃជាង ១៤ ០០០ វត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីប្រវត្តិសាស្ត្រ សិល្បៈ ជំនឿសាសនា និងអត្តសញ្ញាណវប្បធម៌ខ្មែរតាំងពីសម័យបុរេប្រវត្តិ រហូតដល់សម័យអង្គរ និងក្រោយសម័យអង្គរផងដែរ។
 
សារមន្ទីរជាតិត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការនៅឆ្នាំ១៩២០ ដោយមានផ្ទុកសម្បត្តិវប្បធម៌ និងវត្ថុបុរាណជាច្រើនប្រភេទ រួមមានបដិមាព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា វត្ថុបុរាណ និងស្នាដៃសិល្បៈដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃស្ថាបត្យកម្ម ជំនឿ និងរបៀបរស់នៅរបស់ប្រជាជនខ្មែរក្នុងសម័យកាលផ្សេងៗគ្នា។
 
លោកស្រី អ៊ុន សុគន្ធាវី អនុប្រធានសារមន្ទីរជាតិ បានគូសបញ្ជាក់ថា សារមន្ទីរជាតិដើរតួនាទីដូចជាបេះដូង និងឃ្លាំងផ្ទុកព្រលឹងវប្បធម៌ខ្មែរ ក្នុងការអប់រំ និងផ្សព្វផ្សាយអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសខ្មែរទៅកាន់ពិភពលោក។ សារមន្ទីរមិនមែនគ្រាន់តែជាកន្លែងដាក់តាំងវត្ថុបុរាណនោះទេ ប៉ុន្តែជាស្ពានចម្លងចំណេះដឹង និងតម្លៃវប្បធម៌ពីអតីតកាលមកកាន់បច្ចុប្បន្ន និងបន្តទៅអនាគត។
  
យោងតាមលោកស្រី អ៊ុន សុគន្ធាវី ​ក្នុងឆ្នាំ២០២៥កន្លងទៅ សារមន្ទីរជាតិទទួលបានភ្ញៀវទេសចរសរុបជាង ២៧ម៉ឺន ៥ពាន់នាក់។ តួលេខនេះបង្ហាញពីការចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំពោះសម្បត្តិបេតិកភណ្ឌ និងស្នាដៃសិល្បៈបុរាណខ្មែរ។
 
លោកស្រីបានបញ្ជាក់ថា ក្រៅពីការតាំងបង្ហាញបដិមា និងរូបចម្លាក់បុរាណ សារមន្ទីរជាតិក៏មានតួនាទីជាកន្លែងផ្តល់ចំណេះដឹងដល់សាធារណជន ជាពិសេសអ្នកស្រលាញ់ប្រវត្តិសាស្ត្រ សិល្បៈ ព្រមទាំងសិស្ស និងអ្នកស្រាវជ្រាវដែលចង់ស្វែងយល់កាន់តែស៊ីជម្រៅអំពីអត្តសញ្ញាណជាតិ និងអរិយធម៌ខ្មែរ។
 
លោកស្រី អ៊ុន សុគន្ធាវី បានពន្យល់ថា បដិមា និងរូបចម្លាក់បុរាណខ្មែរមិនត្រឹមតែបង្ហាញពីកម្រិតខ្ពស់នៃសិល្បៈ និងស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវជំនឿសាសនា ជាពិសេសព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដែលឆ្លុះបញ្ចាំងពីជីវិត និងស្មារតីរបស់បុព្វបុរសខ្មែរគ្រប់សម័យកាល។ ជំនឿលើបដិមាមួយចំនួននៅតែមានក្នុងសង្គមខ្មែររហូតមកដល់បច្ចុប្បន្ន ដោយប្រជាពលរដ្ឋមួយចំនួននៅតែគោរពបូជា និងចាត់ទុកបដិមាទាំងនោះថាមានតម្លៃផ្នែកជំនឿ និងវប្បធម៌យ៉ាងជ្រាលជ្រៅ។
 
ក្រោយពីបានទស្សនាសារមន្ទីរជាតិ យុវតី ហោម សុវណ្ណធិតា និងយុវជន ឈុន វ៉ាន់នី បានបង្ហាញមោទនភាពចំពោះមរតកវប្បធម៌ខ្មែរ។
  
សូមបញ្ជាក់ថា ថ្មីៗនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់ការសិក្សាគម្រោងកែលម្អ និងពង្រីកសារមន្ទីរជាតិកម្ពុជា។ ការសិក្សានេះបានបង្កើតមូលដ្ឋានបច្ចេកទេស និងស្ថាបត្យកម្មសម្រាប់តម្រង់ទិសការអភិវឌ្ឍសារមន្ទីរនាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងពង្រឹងសមត្ថភាពរបស់សារមន្ទីរក្នុងការអភិរក្ស តាំងបង្ហាញ និងផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ៕
 
ដោយ៖ ម៉ាដេប៉ូ
រូបភាព៖ លោក អ៊ូច ចិត្រ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា