រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញស្ថាបត្យករជំនាន់ថ្មី ឱ្យយកចិត្តទុកដាក់លើយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង ផ្សារភ្ជាប់អត្តសញ្ញាណជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញស្ថាបត្យករជំនាន់ថ្មី ឱ្យយកចិត្តទុកដាក់លើយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង ផ្សារភ្ជាប់អត្តសញ្ញាណជាតិ

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញស្ថាបត្យករជំនាន់ថ្មី ឱ្យយកចិត្តទុកដាក់លើយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង ផ្សារភ្ជាប់អត្តសញ្ញាណជាតិ

ភ្នំពេញ៖ថ្លែងទៅកាន់ក្រុមស្ថាបត្យករជំនាន់ថ្មី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​ បានគូស បញ្ជាក់ថា វប្បធម៌ និងប្រពៃណី គឺជាឫសគល់ដ៏រឹងមាំ និងជាអត្តសញ្ញាណដ៏ល្អប្រពៃរបស់ជាតិ ដែលយើងគ្រប់គ្នា​ត្រូវតែចងចាំនិងថែរក្សា។ដូច្នេះក្រុមស្ថាបត្យករទាំងអស់ ត្រូវយកចិត្តទុកដាក់បញ្ចូលនូវលក្ខណៈសម្បត្តិវប្បធម៌ និងរចនាបថខ្មែរ ទៅក្នុង​គ្រប់គម្រោងអភិវឌ្ឍន៍នានា ដើម្បីធានាថា ការរីកចម្រើនថ្មីៗមិនត្រូវបាត់បង់នូវតម្លៃប្រវត្តិសាស្ត្ររបស់ជាតិនោះឡើយ។ 

ក្នុងពិធីចែកពានរង្វាន់ប្រកួតប្រជែងស្នាដៃរៀបចំឧទ្យានកោះនរា ក្រោមប្រធានបទ ” បេះដូងរាជធានី ” កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ស្ថាបត្យ​ករជំនាន់ថ្មីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការប្រកួតប្រជែងស្នាដៃ។ឯកឧត្តមបានលើកឡើងថា ការប្រកួត​ប្រជែង​នេះគឺជាយុទ្ធសាស្ត្រធ្វើឱ្យមានបម្រែបម្រួលជាវិជ្ជមាននិងការច្នៃប្រឌិតទំព័រថ្មីនៃសង្គមជាតិយើង ព្រោះវាជាការបើកឱកាសឱ្យយុវជន បង្ហាញពីសមត្ថភាព និងគំនិតច្នៃប្រឌិតក្នុងការអភិវឌ្ឍទីក្រុង។  

សំដៅលើការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង ឯកឧត្តមរដ្ឋមន្រ្តីបានក្រើនរំលឹកថា ត្រូវតែធ្វើឡើងដោយមានការគិតគូរឱ្យបានស៊ីជម្រៅ វែង​ឆ្ងាយ និងមានប្រព័ន្ធច្បាស់លាស់ ដោយត្រូវផ្សារភ្ជាប់គ្នារវាងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ការអភិវឌ្ឍទីក្រុង ត្រូវប្រកាន់ខ្ជាប់នូវភាពជាម្ចាស់ការ និងការច្នៃប្រឌិតខ្ពស់ ដោយទាញយកសក្តានុពលដែលមាន​ស្រាប់ក្នុងស្រុក​មក​អភិវឌ្ឍឱ្យអស់លទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសរំលេចពីសារៈសំខាន់ នៃការច្នៃប្រឌិត និងការចូលរួមយ៉ាងផុសផុលរបស់ ក្រុមយុវជនជំនាន់ថ្មី ក្នុងការផ្ដល់នូវគំនិតផ្ដួចផ្ដើម និងទស្សនវិស័យថ្មីៗលើការរៀបចំផែនការមេ ស្ថាបត្យកម្ម និងការអភិវឌ្ឍទីធ្លាសាធារណៈនៅកម្ពុជា ។ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមនីមួយៗ ដែលបានយកចិត្តទុកដាក់ស្រាវជ្រាវ និងចងក្រងជាគម្រោងប្លង់ស្ថាបត្យកម្មដ៏មានតម្លៃសម្រាប់បម្រើឱ្យផលប្រយោជន៍សាធារណៈ។ 

ប្រាប់ទៅក្រុមបេក្ខជនប្រកួតប្រជែង ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ការប្រកួតប្រជែងស្នាដៃ​មិនមែនជាការប្រកួតប្រជែងដើម្បី​ស្វែង​រកអ្នកឈ្នះ ឬអ្នកចាញ់នោះឡើយ ប៉ុន្តែជ័យលាភីពិតប្រាកដគឺ «សង្គម​ជាតិខ្មែរទាំងមូល» ដែលទទួលបាននូវគំនិតថ្មីៗ វប្បធម៌នៃការ​គូសវាសរួមគ្នា និងការបម្រែបម្រួល ជាវិជ្ជមានសម្រាប់សង្គមជាតិយើង ។

ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់យុវជនស្ថាបត្យករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍ សមត្ថភាព​បន្ថែមទៀត និងរក្សាស្មារតីនៃការអភិវឌ្ឍ សមូហភាព គិតគូរឱ្យបានស៊ីជម្រៅពីបរិបទវប្បធម៌ សេដ្ឋកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា ឱ្យកាន់តែមានសោភណភាព បៃតង គួរឱ្យរស់នៅ និងកាន់តែរីក​ចម្រើនរុងរឿងប្រកបដោយចីរភាព។

សូមជម្រាបជូនថា ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនធំមួយរបស់កម្ពុជា ដែលបានវិនិយោគលើអចលនទ្រព្យជាច្រើន ហើយក្រុមហ៊ុនបាន​ផ្តួច​ផ្តើមគំនិតជាមួយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឱ្យមានការប្រកួតប្រជែង លើកិច្ចការស្ថាបត្យកម្ម ទៅតាមតំបន់​អភិវឌ្ឍ​របស់​ក្រុមហ៊ុន ជាពិសេសនៅកោះនរា ដើម្បីបានធាតុចូលពីសំណាក់ប្រជាជនខ្មែរផង និងក៏ដើម្បីបណ្តុះបណ្តាលធនធានស្ថាបត្យករ និងអ្នករៀប​ចំខ្មែរផង ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា