កម្ពុជា ជាជម្រកចុងក្រោយតែមួយគត់នៅអាស៊ីអាគ្នេយ៍ សម្រាប់សត្វត្រដក់ធំបន្តពូជ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ជាជម្រកចុងក្រោយតែមួយគត់នៅអាស៊ីអាគ្នេយ៍ សម្រាប់សត្វត្រដក់ធំបន្តពូជ

កម្ពុជា ជាជម្រកចុងក្រោយតែមួយគត់នៅអាស៊ីអាគ្នេយ៍ សម្រាប់សត្វត្រដក់ធំបន្តពូជ

ឯកឧត្តម ខ្វៃ​ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្ដាញព័ត៌មាន AMS ថា កម្ពុជាគឺជា «ទីជម្រកចុងក្រោយ និងសំខាន់បំផុតតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍» ដែលមានសត្វត្រដក់ធំ នៅសេសសល់ និងបន្តពូជ ។កម្ពុជាក៏ជាកន្លែងបន្តពូជធំជាងគេទី២នៅលើពិភពលោក បន្ទាប់ពីតំបន់អាសាម នៃប្រទេសឥណ្ឌាផងដែរ។

អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់បែបនេះ ក្រោយពីទទួលបានដំណឹងដ៏រីករាយពីក្រុមអ្នកអភិរក្សនៃអង្គការជីវិតធម្មជាតិនៅកម្ពុជារកឃើញវត្តមានសត្វត្រ​ដក់ធំនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ក្នុងភូមិសាស្រ្តខេត្តរតនគិរីឡើងវិញកាលពីពេលថ្មីៗនេះ ខណៈប្រភេទសត្វ​នេះ ពុំមានមានវត្តមានជាង ១ទសវត្សរ៍នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

ឯកឧត្តម ខ្វៃ​ អាទិត្យា អះអាងថា ការរកឃើញវត្តមានសត្វត្រ​ដក់ធំនៅតំបន់ខាងលើនេះ មានសារៈសំខាន់បំផុតសម្រាប់វិស័យជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ហើយការការរកឃើញជាថ្មីនេះ បានបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់ ជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព និងមិនអាចខ្វះបានសម្រាប់ពពួកសត្វ និងសត្វស្លាបជិតផុតពូជ និងកម្រជាច្រើនប្រភេទរស់នៅផងដែរ។

ឯកឧត្តមបានរំលេចថា ការសិក្សាស្រាវជ្រាវក្នុងអំឡុងដើមឆ្នាំ២០០០ ធ្លាប់បានកត់ត្រាវត្តមានសត្វត្រដក់ធំក្នុងចំនួនតិចតួចបំផុតនៅក្នុងខេត្តរតនគិរី និងដែនជម្រកលំផាត់។ ប៉ុន្តែក្រោយមក វត្តមាននៃការរស់នៅ ឬសំបុកពងកូនរបស់ពួកវា បាត់វត្តមានពីតំបន់នេះអស់រយៈពេលជាច្រើនឆ្នាំ។

អ្នកនាំពាក្យដដែលបានគូសរំលេចថា យោងតាមទិន្នន័យប៉ាន់ស្មានចុងក្រោយពីអង្គការអភិរក្ស ចំនួនសត្វត្រដក់ធំពេញវ័យនៅក្នុងប្រទេសកម្ពុជាមានចន្លោះពី ១៥០ ដល់ ២៥០ក្បាល។ ក្នុងចំណោមនោះ ជាងពីរភាគបីនៃចំនួនសត្វត្រដក់ធំទាំងអស់នៅកម្ពុជា គឺរស់នៅ និងបង្កើតសំបុកពងកូននៅក្នុងតំបន់រ៉ាមសារព្រែកទាល់ នៃបឹងទន្លេសាប ខេត្តបាត់ដំបង ហើយមួយចំនួនតូចទៀតរស់នៅតាមតំបន់ដីសើម និងព្រៃរបោះក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង និងតាកែវ (បឹងព្រែកល្ពៅ)។

ដោយឡែកចំនួនសរុបលើសាកលលោក សត្វត្រដក់ធំនេះមានត្រឹមតែប្រមាណ ៨០០ ដល់ ១,០០០ក្បាលប៉ុណ្ណោះ។ ប៉ុន្តែដោយសារកិច្ចខិតខំប្រឹងប្រែងអភិរក្ស ជាពិសេសនៅកម្ពុជា ស្ថា​ន​ភាពរបស់វាត្រូវបានកែសម្រួលពីជិតផុតពូជ មកជាជិតរងការគំរាមកំហែងនៅលើបញ្ជីក្រហម IUCN នាពេលថ្មីៗនេះ៕
 
ដោយ៖សេង បារាំង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា